ខេត្តស្ទឹងត្រែងបង្កើតតំបន់ទេសចរណ៍ធម្មជាតិថ្មីៗជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា
MC៖ អាជ្ញាធរខេត្តស្ទឹងត្រែងបង្កើតតំបន់ទេសចរណ៍ធម្មជាតិថ្មីៗជាច្រើនកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងខេត្តនេះ ឲ្យបានកាន់តែច្រើន ដើម្បីបង្កើតឱកាសការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង គ្រោងនិងបង្កើតតំបន់ទេសចរថ្មីៗមួយចំនួនទៀតមានដូចជា រមណីយដ្ឋាន ត្បូងខ្លា អូរជួរវែង សហគមន៍អេកូទេសចរជនជាតិភាគតិចអូរចាយ ដើម្បីភ្ញៀវទេសចរដែលមកលេងនៅខេត្តស្ទឹងត្រែង អាចដើរលេងបានច្រើនកន្លែង។

លោកបានបញ្ជាក់ថា មន្ទីរកំពុងបង្កើតសេវាកម្មកញ្ចប់ទេសចរណ៍ឲ្យមានភាព ប្រទាក់ក្រឡាគ្នា ពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីឲ្យភ្ញៀវទេសចរងាយស្រួលទៅលេងកម្សាន្ត ហើយកុំឲ្យមានការធុញទ្រាន់ ។

សំលេង « នេះជាគឺជាការធ្វើពិពិតកម្ម នូវផលិតផលទេសចរថ្មីៗ និងជាយុទ្ធសាស្ត្រ ជាផែនការមួយរបស់មន្ទីរទេសចរណ៍ ដើម្បីមិនឲ្យភ្ញៀវទេសចរ ដែលពីមួយឆ្នាំទៅមួយឆ្នាំដែលមកលេង គេមិនចង់ឲ្យឃើញជាលក្ខណៈដដែលៗ ជាយុទ្ធសាស្រ្តមួយរបស់មន្ទីរទេសចរណ៍ខេត្ត ដើម្បីរៀបចំផលិតផលទេសចរថ្មីៗហើយប្លែកៗបន្ថែមទៀត ដើម្បីផ្តល់នូវជម្រើសច្រើនបែប ដល់ភ្ញៀវទេសចរដែលមកលេងហើយចំណាយពេលវេលាធ្វើដំណើរឆ្ងាយហើយ មកលេងមើលឲ្យបានច្រើនកន្លែង។

បាទមួយទៀតជាការចូលរួមចំណែកដើម្បីបង្កើតឪកាសការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការៀបចំនូវ សហគមន៍ទេសចរណ៍នេះ និងជាការចូលរួមចំណែកអភិរក្សធនធានធម្មជាតិផងដែរ »។
លោកបានបញ្ជាក់ថា ក្រៅពីការរៀបចំតំបន់ទេសចរ ខាងមន្ទីរខេត្តក៏មានការផ្សព្វផ្សាយពីតំបន់ទេសចរណ៍តាមរយៈ ហ្វេសបុក គេហទំព័រ ផលិតជាវីដេអូខ្លីៗដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរ និងបានរៀបចំផ្សព្វផ្សាយតាមរយៈព្រឹត្តការណ៍ផ្សេងៗទៀត ដែលមន្ទីរអាចធ្វើបាន ។
លោកប្រធានមន្ទីរខេត្តស្ទឹងត្រែងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គួរធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេសកម្ពុជាឲ្យអស់ពីលទ្ធភាព ជៀសវាងការដើរកម្សាន្តនៅបរទេស ដើម្បីចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែល្អប្រសើរ តាមរយៈការអភិវឌ្ឍវិស័យទេស ចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា ឆ្នាំ២០១៩កន្លងទៅនេះ ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរជាតិជាង ២៣ ម៉ឺន នាក់ មានការកើនឡើង ២៥ ភាគរយ និងភ្ញៀវអន្តរជាតិប្រមាណ ១ ម៉ឺន ៨ពាន់នាក់ មានការកើនឡើង ១០ ភាគរយផងដែរ ៕