រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាឲ្យអាជ្ញាធរខេត្ដរតនគីរីពង្រឹងវិធានការការពារព្រៃឈើ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ លោក ជូន បូណា

MC៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរខេត្ដរតនគីរីពង្រឹងវិធានការការពារព្រៃឈើ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងពិធីប្រកាសប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពនៃការអភិរក្សធនធានធម្មជាតិ និងការពារសម្បត្ដិសាធារណៈនៅខេត្តរតនៈគិរីនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវពង្រឹងការអនុវត្ដច្បាប់ឱ្យបានម៉ឺងម៉ាត់ដូចជា បង្កាទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ការរុករានដីព្រៃរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។
សម្ដេចក្រឡាហោមស ខេង ព្រមានដល់មន្រ្ដីណាដែលជាប់ពាក់ព័ន្ធ និងបទល្មើសព្រៃឈើ និងដីធ្លីខុសច្បាប់ ត្រូវដកខ្លួនចេញជាបន្ទាន់ ហើយត្រូវបន្ដខិតខំដោះស្រាយជម្លោះនានានៅក្នុងមូលដ្ឋាន ប្រកបដោយតម្លាភាព យុត្ដិធម៌ និងឈលើគោលការណ៍ច្បាប់ជាធរមាន។
ឯកឧត្ដម ថន សាវុន អភិបាលខេត្ដរតនគីរី បានដាក់ផែនការសកម្មភាពសម្រាប់អនុវត្ដការងារជាប្រចាំ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កា និងទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងភូមិសាស្រ្ដខេត្ដរតនគីរី ដែលស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដែលមានសមាសភាពមកពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពច្បាប់ ក្នុងការបង្រ្កាបបទល្មើសព្រៃឈើ និងការពារសម្បត្ដិសាធារណៈ៕