រាជរដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈជាច្រើននៅរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

MC ៖ រាជរដ្ឋាភិបាលចង់ឲ្យមានគម្រោងសាងសង់ចំណតរថយន្តសាធារណៈឲ្យបានច្រើន នៅរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការចតយានយន្តគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ដែល រំខានដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឲ្យអោយអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធមួយចំនួនពន្លឿនការអនុវត្តគម្រោងសាងសង់ចំណតរថយន្តសាធារណៈ ឲ្យបានឆាប់ ដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះរាជធានីភ្នំពេញគ្មានចំណតសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋចតយានយន្តបានត្រឹមត្រូវនៅឡើយទេ ដោយជាហេតុធ្វើឲ្យការចតយាន្តយន្តគ្មានសណ្តាប់ធ្នាប់ រំលោភលើដងផ្លូវ និងចំណីផ្លូវដែលនាំឲ្យមានការកកស្ទះដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងសាធារណការត្រូវបន្តការយកទុកដាក់អនុវត្តផែនការនេះឲ្យបានជោគជ័យ ដែលស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីទប់ស្កាត់នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅទាបបំផុត តាមពាក្យស្លោករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “គឺថ្ងៃនេះនិងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ។
សំឡេង ៖ ឥឡូវនេះអត់មានកន្លែងចតរថយន្តសាធារណៈទេ ហើយនៅតាមផ្លូវដាក់តែមួយជួរឬពីរជួបមក គឺផ្លូវនិងជិតទាំងស្រុងធ្វើចរាចរណ៍មិនកើតទេ បើយើងមិនគិតចំណតសាធារណៈនេះទេ គឺខំធ្វើផ្លូវ One-Way យ៉ាងម៉េចៗក៏អត់កើតដែរ បើយប់ឡើងឬថ្ងៃឡើងទាំងអស់គ្នា ដាក់នៅកន្លែងនឹងហើយ ចតនៅតាមផ្លូវសាធារណៈហ្នឹងហើយ ក៏សូមឲ្យក្រសួងមហាផ្ទៃ ខាងប៉ូលីសចរាចរណ៍ លោកយករថយន្តមកអូសរថយន្តរាប់សែនគ្រឿងមិនអស់ទេ បើយើងមិនមានចំណូលសាធារណៈសម្រាប់ដោះស្រាយបញ្ហានេះ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋ ក៏បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំបន្តការងារស្ដារនិងសាងសង់ផ្លូវតូចៗនៅក្នុងទីក្រុង ដើម្បីអាចធ្វើចរាចរណ៍បានទៅកាន់ផ្លូវធំៗទាំងអស់របស់ទីក្រុងសាងសង់ផ្លូវវាងនឹងផ្លូវរំលង ព្រមទាំងបំពាក់ភ្លើងសញ្ញាចរាចរណ៍អោយបានត្រឹមត្រូវផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញបានសងសង់និងកំពុងសាងសង់ចំណតរថយន្តសាធារណៈក្រោមដីមួយចំនួន នៅក្រោមសួនច្បារមុខព្រះសក្យមុនីចេតិយ និងចំណតក្រោមដីមុខសួនច្បារសាន់វេ ខាងលិចរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ៕