ស្រុកចំនួន៣ ក្នុងខេត្តសៀមរាប នឹងទទួលបានគម្រោងជីវិតគ្មានអំពើហិង្សា រយៈពេល៣ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ១០.០១.២០២០ ៖

ស្រុកចំនួន៣ក្នុងខេត្តសៀមរាប នឹងទទួលបានគម្រោងជីវិតគ្មានអំពើហិង្សា រយៈពេល៣ឆ្នាំ ដើម្បីរួមគ្នាទប់ស្កាត់អំពើរំលោភផ្លូវភេទ លើស្ត្រីនិងកុមារ និងអំពើហិង្សាផ្សេងៗ នៅក្នុងសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាព។
ថ្លែងក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងកិច្ចការនារី និងអង្គការជីវិតនៅកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ លោកជំទាវ ខេង សំវ៉ាដា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា គម្រោងជីវិតគ្មានអំពើហិង្សានេះ និងអនុវត្តក្នុងស្រុកគោលដៅចំនួនបី គឺស្រុកពួក ស្រុកអង្គរជុំ និងស្រុកស្វាយលើ។ លោកជំទាវ បានបន្តថា គម្រោងជីវិតគ្មានអំពើហិង្សា គឺផ្ដោតលើការកសាងសហគមន៍ ឱ្យចេះរកវិធីដោះស្រាយ ដែលពាក់ព័ន្ធនឹងអពើហិង្សាលើស្ត្រីនិងកុមារ ព្រមទាំងបង្កើនការយល់ដឹងពីកិច្ចការពារកុមារ និងសិទ្ធិរបស់កុមារ តាមរយៈការបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការពង្រឹងសមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាន និងបង្កើនការយល់ដល់យុវជន ដើម្បីរួមគ្នាទប់ស្កាត់អំពើរំលោភផ្លូវភេទ និងអំពើហិង្សាផ្សេងៗ លើស្ត្រីនិងកុមារ។ លោកជំទាវបានបញ្ជាក់ថា គម្រោងនេះមានគោលបំណងសំខាន់ៗចំនួន៣៖ ទី១.គៀងគរថ្នាក់ដឹកនាំ ក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការយល់ដឹង អំពីបញ្ហានានា ដែលទាក់ទងទៅនឹងអំពើហិង្សា លើស្ត្រីនិងកុមារ និងការការពារកុមារ នៅក្នុងឃុំរបស់ពួកគាត់, ទី២.ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ ក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹង ករណីគ្រួសារដែលរងគ្រោះ នៅក្នុងឃុំរបស់ពួកគាត់ ប្រកបដោយប្រសិទ្ធភាព និងទី៣.ជួយឱ្យស្ត្រីនិងក្មេងស្រី ដែលជួបប្រទះអំពើហិង្សា ទទួលបានការគាំទ្រ និងសេវាចាំបាច់ផ្សេងៗ។
សូមបញ្ជាក់ថា គម្រោងនេះប្រើប្រាស់ថវិកា ចំនួន៧៤៦៧៣៥ដុល្លារអាមេរិក (ប្រាំពីររយសែសិបប្រាំមួយពាន់ ប្រាំពីររយសាមសិបប្រាំដុល្លារ) ហើយអ្នកទទួលផលដោយផ្ទាល់ពីការអនុវត្តគម្រោងនេះ មានចំនួនជាង៧ពាន់៣០០នាក់ ក្នុងនោះមានសិស្សអនុវិទ្យាល័យ, ប្រជាពលរដ្ឋក្នុងសហគមន៍,សមាជិកគណៈកម្មការទ្រទ្រង់សាលា,គ្រូបង្រៀន, គ្រួសារ, គណៈ កម្មាធិការទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារ និងសមាជិកក្រុមប្រឹក្សាឃុំ៕