អង្គការបង្ការពិការភាពកម្ពុជាគ្រោងពិនិត្យ ព្យាបាល វះកាត់ជម្ងឺត្រចៀក ច្រមុះ និង បំពង់ក ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 10,01,2020៖

អង្គការបង្ការពិការភាពកម្ពុជា(Impact Cambodia)គ្រោងពិនិត្យ ព្យាបាល វះកាត់ជម្ងឺត្រចៀក ច្រមុះ និង បំពង់ក ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ដើម្បីជួយសម្រួលការចំណាយរបស់ជំងឺ ពិសេសអ្នកជម្ងឺដែលមានជីវភាពក្រីក្រ។

លោកស្រី វង់ ឃុនណារី អ្នកជំនាញផ្នែកស្តាប់របស់អង្គការបង្ការពិការភាពកម្ពុជា(Impact Cambodia ) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ចាប់ពី ថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២០ ខាងមុខនេះ អង្គការបានសហការជាមួយ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកាណាដា នឹងមានកម្មវិធីពិនិត្យ ព្យាបាលនិងវះកាត់ជម្ងឺត្រចៀក ច្រមុះ និង បំពង់ក វាស់កំរិតនៃស្តាប់របស់ត្រចៀក សម្រាប់ប្រជាពលរដ្ឋគ្រប់វ័យទាំងអស់ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយឥតគិតថ្លៃ ។

លោកស្រីបានបន្តថា ការបើកពិនិត្យព្យាបាលជម្ងឺត្រចៀក ច្រមុះ បំពង់ក និងវះកាត់ ជូនដល់អ្នកជម្ងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកាណាដានេះ បានធ្វើឡើងខណៈដែលកម្ពុជាអ្នកជំងឺប្រភេទនេះច្រើន កំពុងប្រឈមមុខយ៉ាងខ្លាំងនឹងអាការៈ ដូចជាពិបាកក្នុងការលេបចំណីអាហារ អស់កម្លាំង កាត់បន្ថយក្លិនវិញ្ញាណ ក្ដៅខ្លួន ឈឺក្បាល ឈឺខ្លួនប្រាណ ហៀរសំបោរ ក្អក មិនសូវឃ្លានអាហារជាដើម។

លោកស្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់រួសរាន់មកទទួលសេវាព្យាបាលនេះ ដើម្បីជួយឲ្យពួកគេរស់នៅបានល្អប្រសើរជាងមុន និងចូលរួមនៅក្នុងសង្គមបានដោយពេញលេញដូចមនុស្សទូទៅ ។
ឆ្លៀតក្នុងឱកាសនេះដែលខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យគាត់បានចូលរួមពិនិត្យនិងវះកាត់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៧នេះ ឲ្យបានច្រើនដើម្បីជួយកាត់បន្ថយ អត្រាអ្នកជំងឺគាត់មានបញ្ហានឹង ហើយសំរាប់អត្ថប្រយោជន៏ទី១ គឺជួយឲ្យគាត់ជាដោយមិនចាំបាច់ទៅស្វែងរកសេវានៅណាឆ្ងាយក្រៅប្រទេសអ្វីទេ។ ទី២ ខ្ញុំផ្តោតសំខាន់ទៅលើត្រចៀក ព្រោះត្រចៀកពិបាកក្នុងការស្វែងរកសេវាព្យាបាលណាស់ ដោយសារការវះកាត់ត្រចៀកនេះមានតែនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យបង្អែកជ័យជំនះនេះទេ ដែលអាចធ្វើការវះកាត់ត្រចៀកបាន គ្រាន់តែថាអត្ថប្រយោជន៏សំខាន់បំផុតនោះគឺជួយកាត់បន្ថយអត្រារបស់អ្នកជំងឺ ទៅស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស ។

សូមបញ្ជាក់ថា អង្គការបង្ការពិការភាពកម្ពុជា(Impact Cambodia)បានរួមសហការជាមួយមន្ទីរពេទ្យបង្អែកជ័យជំនះ ចាប់តាំងពីឆ្នាំ២០០៩មកម្លេះ ហើយបានវះកាត់ជំងឺត្រចៀក ច្រមុះ និង បំពង់ក ជូនប្រជាពលរដ្ឋបានចំនួនជាង ៣០០០នាក់ ៕