ជប៉ុនគាំទ្រការឆ្លើយតបដែលមានវិធានការរបស់ ស.រ.អា  ចំពោះការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់ 

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ — នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ( Shinzo Abe ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា លោកគាំទ្រការឆ្លើយតបដែលមានវិធានការដែល ស.រ.អា បានបង្ហាញនៅក្នុងការឆ្លើយតបទៅនឹងប្រទេសអ៊ីរ៉ង់ ដែលបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានអ៊ីរ៉ាក់  ដែលទទួលភ្ញៀវកងទ័ពអាម៉េរិក​ ។

លោក អាបេ បាននិយាយនៅឯការិយាល័យរបស់លោកថា ជប៉ុនបាននឹងកំពុងជំរុញដល់ភាគីទាំងអស់​ដែលមានជាប់ពាក់ព័ន្ធឱ្យអនុវត្តន៍ស្វ័យអត់ធ្មត់ ដូច្នេះវាជាជំហររបស់យើងដែលថា យើងនឹងគាំទ្រការឆ្លើយតបដែលមានការអត់ឆ្មត់ធ្វើឡើងដោយ ស.រ.អា នោះ​ ។

លោក អាបេ បាននិយាយបន្ថែមថា យើងនឹងបន្តធ្វើកិច្ចប្រឹងប្រែងការទូតទាំងអស់ ដែលអាចមាន ដើម្បីបន្ថូរបន្ថយ នឹងធ្វើឱ្យមានស្ថិរភាពស្ថានការណ៍នៅក្នុងមជ្ឈិមបូព៌ា ។

ការកត់សម្គាល់របស់លោក ​អាបេ ត្រូវបានធ្វើឡើងបន្ទប់ពីប្រធានាធិបតីអាម៉េរិក​លោក ដូណាល់ ត្រាំ បាននិយាយពីថ្ងៃពុធថា ស.រ.អា នឹងមិនឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ជាមួយការវាយប្រហារដោយយោធាថែមទៀតទេ​  ។

នៅពេលជាមួយគ្នានោះដែរ ក្រសួងការពារប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍នេះបាននិយាយថា រដ្ឋមន្ត្រីរបស់ខ្លួន លោក  តារ៉ូ កូណូ ( Taro Kono  ) បាននិយាយទៅកាន់រដ្ឋមន្ត្រីការពារប្រទេសអ៊ីរ៉ង់ លោក អាមៀរ ហាតាមី ( Amir Hatami ) តាមទូរស័ព្ទ នៅក្នុងកិច្ចចរចាដែលកត់សម្គាល់ឱ្យឃើញជាលើកដំបូង រវាងរដ្ឋមន្ត្រីទាំងពីរចាប់តាំងពីខែតុលាមក  ។

ក្រសួងការពារប្រទេសជប៉ុនបាននិយាយថា កិច្ចចរចាបានឆ្លងកាត់បញ្ហាមួយចំនួនដែលទាក់ទងដល់មជ្ឈិមបូព៌ា ដែលរួមមានបញ្ហាទាំងឡាយ ដែលទាក់ទងដល់សន្តិភាព និងសន្តិសុខ នៅក្នុងតំបន់នោះ​ ។

ជប៉ុនបានស្វះស្វែងរកធ្វើការថែរក្សានូវចំណងទាក់ទងជាមិត្តនៅក្នុងតំបន់នោះ ក្នុងឋានៈជាប្រទេសដែលមិនសូវមានធនធាន ដែលពឹងផ្អែកលើតំបន់នោះសម្រាប់ការនាំចូលប្រេងឆៅរបស់ខ្លួនជាង ៩០ភាគរយ​ ។

ជប៉ុនបានប៉ុនប៉ងធ្វើជាអាជ្ញាកណ្តាលរវាងសម្ព័ន្ធមិត្រ ស.រ.អា ​របស់ខ្លួននិងប្រទេសអ៊ីរ៉ង់ ដែល ប្រទេសនេះខ្លួន បានថែរក្សានូវចំណងទាក់ទងជាមិត្ត ដើម្បីព្យាយាមនឹងជួយធ្វើឱ្យស្ថានការណ៍មានភាពធូរស្រាល  ។

ជប៉ុនបាននិយាយថា គ្មានការផ្លាស់ប្តូរណាមួយនៅក្នុងផែនការបញ្ជូនបុគ្គលិកកងកម្លាំងស្វ័យការពារ ព្រមទាំងអាវុធធុនធ្ងន់ទៅកាន់តំបន់នោះ ដើម្បីធានាសុវត្ថិភាពការធ្វើនាវាចរណ៍ នៃតំបន់ពាណិជ្ជកម្មនោះឡើយ  ៕(ប្រភព ស៊ីនហួ  បកប្រែដោយលោក ប៉ិនមឿន )