បណ្តាទីភ្នាក់ងារត្រៀមខ្លួនដើម្បីធានាសុវត្ថិភាព សម្រាប់ប្រជាជនវៀតណាមនៅមជ្ឈិមបូព៌ា

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០​ — អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយថា ដោយភាពតានតឹងនាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា បណ្តាទីភ្នាក់ងារតំណាងរបស់ប្រទេសវៀតណាមក្នុងតំបន់ និងភាគីពាក់ព័ន្ធក្នុងស្រុក បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការការពារពលរដ្ឋរបស់ខ្លួននៅពេលដែលមានករណីចាំបាច់។

នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់របស់ក្រសួងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ​២០២០ ជាការឆ្លើយតបនឹងសំណួរអំពីការអត្ថាធិប្បាយរបស់វៀតណាមចំពោះភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់នាពេលថ្មីៗនេះ លោកស្រី Hang បាននិយាយថា «វៀតណាមមានការព្រួយបារម្ភអំពីភាពតានតឹងថ្មីៗនេះនៅមជ្ឈិមបូព៌ា។ យើងសូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ដោយខ្លួនឯង ចៀសវាងការកើនឡើងភាពតានតឹង កុំប្រើកម្លាំង ការពារជនស៊ីវិល និងដោះស្រាយការខ្វែងគំនិតគ្នា ដោយការសន្ទនា និងវិធានការដោយសន្តិវិធីឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ដើម្បីសន្តិភាពស្ថិរភាពក្នុងតំបន់ និងពិភពលោក»។

លោកស្រីបាននិយាយបន្ថែមទៀតថា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ពលរដ្ឋវៀតណាមនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ ២០២០ ក្រសួងការបរទេសវៀតណាមបានណែនាំឱ្យប្រជាជនខ្លួនកុំធ្វើដំណើរទៅកាន់ប្រទេសក្នុងតំបន់ដែលអាចរងឥទ្ធិពលដោយជម្លោះនេះ។ គេក៏បានផ្តល់អនុសាសន៍ផងដែរថា ពលរដ្ឋដែលមានវត្តមាននៅក្នុងប្រទេសដែលរងផលប៉ះពាល់ គួរតែចៀសវាងការធ្វើដំណើរទៅតំបន់ដែលប្រទេសទាំងនោះបានព្រមានប្រឆាំងនឹងការធ្វើដំណើរ នឹងធ្វើតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានដើម្បីធានាសុវត្ថិភាពដល់អាយុជីវិត និងទ្រព្យសម្បត្តិ។

ក្រសួងការបរទេសបានធ្វើការផ្សព្វផ្សាយអំពីបណ្តាញទូរស័ព្ទការពារពលរដ្ឋ នៃទីភ្នាក់ងារតំណាងរបស់វៀតណាមទាំងអស់នៅក្នុងតំបន់ ដើម្បីឱ្យប្រជាជនអាចទាក់ទងបាននៅពេលមានករណីចាំបាច់។ លោកស្រីបាននិយាយទៀតថា ខ្លួនក៏បានបញ្ជាឱ្យបណ្តាទីភ្នាក់ងារតំណាងនៅមជ្ឈិមបូព៌ា និងភាគីពាក់ព័ន្ធក្នុងស្រុក រក្សាការឃ្លាំមើលយ៉ាងដិតដល់អំពីស្ថានការណ៍ និងត្រៀមវិធានការការពារពលរដ្ឋក្នុងករណីចាំបាច់នានា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)