សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជៀង យ៉ារ៉េត៖

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Jeffrey D. Sachs ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព។
ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបថា ឯ.ឧ Jeffrey D. Sachs បានគោរពជូនសម្តេចតេជោថា ឯ.ឧ ពិតជាមានកិត្តិយស និងសប្បាយរីករាយជាខ្លាំងដែលបានជួបសម្ដេចតេជោសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបសម្ដេចតេជោការពី ១៥ ឆ្នាំមុននៅគេហដ្ឋានរបស់សម្ដេចតេជោនៅវិមានឯករាជ្យ។ ឯ.ឧ បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពេលនេះគឺ ឯ.ឧ បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់កម្ពុជាយើងដែលក្នុងនោះមានទាំងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ការអភិវ ឌ្ឍលើវិស័យសុខាភិបាល និងការអភិវឌ្ឍន៍លើដទៃទៀតដែលហួសពីការស្មានរបស់ ឯ.ឧ។
ឯ.ឧ ក៏បានមានប្រសាសន៍បន្ថែមថាក្នុងដំណើរទស្សនកិច្ចនេះឯ.ឧ នឹងទៅប្រទេសឡាវ កម្ពុជា និងម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណាពង្រឹង និងជំរុញលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងសហគមន៍អឺរ៉ុប ពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ដឹកជញ្ជូន និងអាយធី (IT) ដើមធ្វើយ៉ាងណាឲ្យសហគមន៍អឺរ៉ុបនិងអាស៊ានមានទំនាក់ទំនង និងសហប្រតិបត្តិការល្អ ។ ទន្ទឹមនឹងនេះ ឯ.ឧ ក៏បានមានប្រសាសន៍ផងដែរថា ឯ.ឧ នឹងទៅធ្វើទស្សន កិច្ចជួបថ្នាក់ដឹកនាំសហគមន៍អឺរ៉ុបនៅសប្តាហ៍បន្ទាប់ ហើយ ឯ.ឧ បានមានប្រសាសន៍ថាធ្វើយ៉ាងណានឹងជម្រុញលើកស្ទួយកិច្ចសហប្រតិបតិ្តការរវាងសហគមន៍អឺរុប និងអាស៊ាន ដែលនឹងសង្កត់ធ្ងន់ពីសារៈសំខាន់របស់កិច្ចសហប្រតិបតិ្តការរវាងតំបន់និងតំបន់នេះ។ ឯ.ឧ ក៏បានមាន ប្រសាសន៍ផងដែរថា ឯ.ឧ ពុំចង់ឃើញមានការបែកបាក់គ្នារវាងតំបន់និងតំបន់ទេ។ ផ្ទុយមកវិញ ឯ.ឧ បានមានប្រសាសន៍ថា ឯ.ឧ នឹងឆ្លុះបញ្ចាំងពីភាពខ្លាំងនិង សារខាន់ៗ នូវកិច្ចសហប្រតិបត្តិការ រវាងតំបន់និងតំបន់ទៅវិញ។ ឯ.ឧ បានមាន ប្រសាសន៍ថាអាស៊ាន គឺមានសក្តានុពលខ្ពស់បើបូកបញ្ចូលទាំង អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េ នោះតំបន់អាស៊ាននឹងមានការអភិវឌ្ឍដោយគ្មានដែនកំណត់ ជាពិសេសលើវិស័យបច្ចេកវិទ្យាដែលបច្ចេកវិទ្យាទាំងនេះអាចយកមកប្រើប្រាស់ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ឯ.ឧ ក៏បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ទៀតថា ឯ.ឧ ត្រៀមជានិច្ចដើម្បីជួយដល់កម្ពុជាជំរុញដល់ការអភិវឌ្ឍកម្ពុជាតំបន់អាស៊ាន និងតំបន់ដទៃទៀតឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯ.ឧ Jeffrey D. Sachs ហើយក៏បានជម្រាបជូនថាការអភិវឌ្ឍទាំងឡាយណាដែលមាននៅកម្ពុជានោះគឺសុទ្ធសឹងតែជាការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងសហការី របស់សម្ដេចដែលនាំកម្ពុជាទៅការអភិវឌ្ឍដល់ចំណុចនេះ។ សម្តេចតេជោបានជម្រាបជូន ឯ.ឧ ថា កម្ពុជាមានមហិច្ឆិតាធ្វើយ៉ាងណាជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ នឹងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ កន្លងមកកម្ពុជាបានដាក់ចេញនូវគោលនយោបាយផលិតស្បៀង គឺការនាំអង្ករចេញហើយក៏បានទទួលភាពជោគជ័យ ជាពិ សេសលើគោលនយោបាយផលិតស្បៀង។ កម្ពុជាដែលជាប្រទេសមួយធ្លាប់តែខ្វះស្បៀងអា ហារ បានប្រែក្លាយជាប្រទេសមួយដែលមានការផលិតស្បៀងទៅវិញ។ ពេលនោះទៀត រាជរដ្ឋាភិ បាលបានដាក់ចេញនូវគោលនយោបាយឧស្សា ហកម្មផងដែរ ដើម្បីធ្វើយ៉ាងណា ជំរុញឧស្សាហ កម្មកម្ពុជា ក្នុងទិសដៅជំរុញកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេ សដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្ដេចតេជោមានប្រសាសន៍ថា កាលពី១៥ ឆ្នាំ មុន សម្ដេចបានជួបជាមួយនឹង ឯ.ឧ Jeffrey D. Sachs គឺបានពិភាក្សាគ្នា អំពីបញ្ហាការអភិវឌ្ឍសហវត្ស។ ប៉ុន្តែនៅពេលនេះ គឺយើងពិភាក្សាជាថ្មីម្ដងទៀត លើការអភិវឌ្ឍប្រកបដោយចីរភាពវិញ ហើយការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនេះ គឺមានសារៈសំខាន់ណាស់ ហើយកត្តាសំខាន់ជាងគេបំផុត គឺវិស័យបរិស្ថានតែម្តង។ ទន្ទឹមនឹងនេះ សម្តេចតេជោបានមានប្រសាសន៍បន្តថា បញ្ហាបច្ចុប្បន្ននេះ គឺបញ្ហាស្ទះចរាចរណ៍ ដែលកាលពី១៥ឆ្នាំមុន មិនដែលបានឃើញទេ ហើយ ក៏ដូចជាបញ្ហាចំណតរថយន្ត បញ្ហាសំណល់រឹង សំណល់រាវ ជាពិសេសទៅទៀតនោះ គឺបញ្ហាប្រែប្រួលអាកាសធាតុ ដែរបញ្ហានេះបាននាំមកនូវការបារម្ភសម្រាប់កម្ពុជា ជាពិសេសលើវិស័យកសិកម្មផង លើវិស័យធនធានទឹកផងដែលធ្វើឲ្យកម្រិតទឹកនៅកម្ពុជា មានកម្រិតទាប។ ក្នុងន័យនេះសម្ដេចតេជោ បានមានប្រសាសន៍ថា យើងគប្បីណា រួមគ្នា ធ្វើការដោះស្រាយ ជាពិសេសបញ្ហាប្រែប្រួលអាកាសធាតុនេះ ដែលកម្ពុជាគាំទ្រគោលនយោបាយ និងរាល់អ្វីៗ ដែលជាពាក់ព័ន្ធនឹងបញ្ហានេះ ដែលអង្គការសហប្រជាជាតិ បាន ដាក់ចេញមក៕