ក្រសួងសុខាភិបាលចាប់ផ្តើមណែនាំពីវិធានការការពារជំងឺរលាកសួតដែលកើតឡើងដោយមិនដឹងមូលហេតុច្បាស់លាស់

វិទ្យុជាតិកម្ពុជា:ស្រីផល ១០,០១,២០២០៖

ក្រសួងសុខាភិបាលបានចាប់ផ្តើមណែនាំអំពីវិធានការការពារជំងឺរលាកសួត ដែលកើតឡើងដោយមិនដឹងមូលហេតុច្បាស់លាស់សម្រាប់ប្រជាពលរដ្ឋដែលមានគម្រោងធ្វើដំណើរទៅឬត្រលប់មកពីទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិនឲ្យប្រុងប្រយ័ត្ន ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងកំពុងតែតាមដានដោយយកចិត្តទុកដាក់បំផុត នូវស្ថានភាពនៃការកើតមានករណីជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មានពីអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាដែលករណីជំងឺរលាកសួតប្រភេទនេះ ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ជាមួយរោគសញ្ញាភាគច្រើនគឺក្តៅខ្លួនមានអ្នកជំងឺពីរ-បីនាក់មានរោគសញ្ញាហត់ហើយថតកាំរស្មីអ៊ិចបង្ហាញថាមានដំបៅសួតសងខាង។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ផ្អែកតាមលទ្ធផលទទួលបានពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ជំងឺដែលកំពុងកើតឡើងនេះ មិនមែនជាជំងឺ SARS ឬជំងឺផ្ដាសាយបក្សី ឬជំងឺផ្តាសាយបន្តដោយវីរុសអាដេណូ (aderovirus) ឬជំងMERS ឬក៏ជំងឺផ្លូវដង្ហើមដ៏ទៃទៀតនោះឡើយ។

ក្រសួងដដែលបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលកម្ពុជា កំពុងបន្តតាមដានស្ថានភាពនៃជំងឺនេះនៅក្នុងតំបន់ដោយមានការប្រឹក្សាយ៉ាងជិតស្និទ្ធិ ជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងសូមជម្រាបជូនថា នៅប្រទេសកម្ពុជា មិនទាន់មានករណីជំងឺបែបនេះកើតមាននោះទេ ប៉ុន្តែក្នុងគោលបំណងការពារទុកជាមុន នូវការកើតឡើងជាយថាហេតុ នៃជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណនេះ។

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺរលាកសួត ដែលមិនស្គាល់អត្តសញ្ញាណ ដែលអាចកើតមានជាយថាហេតុ គឺ១, ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រេច, លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូនិងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺឬបរិស្ថានជុំវិញគាត់,ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ បន្ថែមពីទៀត ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ,ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ,អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រេច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស, ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកពស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម។
គូរបញ្ជាក់ដែរថា ក្រសួងក៏បានផ្សព្វផ្សាយ ជូនដំណឹងដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល ទាំង២៥រាជធានី-ខេត្ត ឲ្យត្រៀមលក្ខណៈជាស្រេច ក្នុងការឆ្លើយតប និងផ្តល់អន្តរាគមន៍ជាបន្ទាន់ ប្រសិនបើមានករណីសង្ស័យ និងកំពុងពង្រឹងការងារតាមដានជំងឺផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និង បានពិនិត្យវាយតម្លៃរកលំនាំមិនធម្មតានៃជំងឺនេះជានិច្ច៕