វៀតណាមចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០​ — នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា ប្រទេសវៀតណាមកំពុងអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ដូច្នេះប្រទេសនេះចង់សហការជា មួយប្រទេសជប៉ុន ដែលជាដៃគូគួរឱ្យទុកចិត្តនៅក្នុងវិស័យទាំងនេះ។

ក្នុងឱកាសទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងសារគមនាគមន៍ជប៉ុន លោកស្រី Sanae Takaichi នៅទីក្រុងហាណូយនាថ្ងៃទី៩ ខែមករា ឆ្នាំ​២០២០ នាយករដ្ឋមន្រ្តី Phuc បាននិយាយថា ភាពជាដៃគូយុទ្ធសាស្រ្តដ៏ធំទូលាយរវាងវៀតណាម និងជប៉ុន កំពុងអភិវឌ្ឍន៍យ៉ាងទូលំទូលាយស្របពេលដែលការជឿទុកចិត្តខាងនយោបាយរបស់ពួកគេត្រូវបានពង្រឹងនៅក្នុងទិដ្ឋភាពជាច្រើន។

លោកបានសង្កត់ធ្ងន់ថា ជប៉ុននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលជាអ្នកផ្តល់ជំនួយអភិវឌ្ឍធំផ្លូវការបំផុត (ODA) ព្រមទាំងជាវិនិយោគិនបរទេសធំបំផុតលំដាប់ទី ២ និងជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាម។

លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលបានផ្តល់នូវជំនួយ ODA ក្នុងរយៈពេលជិត ៣០ឆ្នាំកន្លងមកនេះ ដែលវាបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់វៀតណាម លុបបំបាត់ភាពអត់ឃ្លាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយទ្វេភាគីនាពេលខាងមុខ នាយករដ្ឋមន្ត្រី Phuc បានស្នើដល់ជប៉ុនបន្តជួយរដ្ឋាភិបាលវៀតណាមក្នុងការធ្វើកំណែទម្រង់ និងបង្កើនប្រសិទ្ធភាពនៃបរិក្ខាររដ្ឋបាល កសាងរដ្ឋាភិបាលអេឡិចត្រូនិកឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ព្រមទាំងអនុវត្តគម្រោងគ្រប់គ្រងរដ្ឋប្រកបដោយប្រសិទ្ធភាពលើព័ត៌មាន និងគមនាគមន៍ផងដែរ។

លោកស្រី Takaichi បាននិយាយថា ក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន និងក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលជាការបើកទំព័រថ្មីមួយសម្រាប់ភាពជាដៃគូក្នុងវិស័យប្រៃសណីយ៍ ព័ត៌មាន និងគមនាគមន៍។

លោកស្រីបាននិយាយថា ប្រទេសជប៉ុនត្រៀមខ្លួនរួចជាស្រេចដើម្បីសហការ នឹងចែករំលែកបទពិសោធន៍ជាមួយប្រទេសវៀតណាមក្នុងការអភិវឌ្ឍសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និងអនុវត្តបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នៅក្នុងសកម្មភាពស្ថិតិ។

រដ្ឋមន្រ្តីរូបនេះបាននិយាយថា បណ្តាសហគ្រាសជប៉ុនអាចចូលរួមចំណែកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា និងចូលរួមពិព័រណ៍ព័ត៌មានវិទ្យានៅក្នុងប្រទេសវៀតណាមផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)