សហរដ្ឋអាមេរិក អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដំណាក់កាលទី ២ អាចនឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតនៅអាមេរិក

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងថា ការចរចារ​សម្រាប់ដំ​ណាក់​កាលទី ២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននឹង​ចាប់ផ្តើមភ្លាមៗ​ប៉ុន្តែលទ្ធផលអាចនឹងរង់ចាំរហូតដល់ការបោះឆ្នោតនៅឆ្នាំនេះ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០។
ការកត់សម្គាល់របស់លោកប្រធានាធិបតីអាមេរិកធ្វើឡើង មុនពេលដែលប្រេសិតពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងគ្រោងនឹងមកកាន់ ទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង“ ដំណាក់កាលទីមួយ” ដែលជាការផ្អាកនៅក្នុងសង្គ្រាមពាណិជ្ជកម្មជិតពីរឆ្នាំរបស់ភាគីទាំងពីរ។
មេដឹកនាំអាមេរិកក៏បានបង្ហាញជាចម្ងល់ ថាតើកសិករអាមេរិកនឹងអាចផ្គត់ផ្គង់ដល់ប្រទេសចិនជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញកសិកម្មដែលរំពឹងថាជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះដែរឬទេ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង“ ដំណាក់កាលទី ១” ប្រទេសចិនបានប្តេជ្ញាថានឹងបង្កើនការទិញអប្បបរមាចំនួន ២០០ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខពីសហរដ្ឋអាមេរិករួមទាំងការនាំកសិផលបន្ថែមចំនួន ៥០ ពាន់លានដុល្លារ នេះបើយោងតាមតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕
ប្រភព៖សារព័ត៌មាន Channel News Asia