វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងចំណោមសមាជិកអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ — វៀតណាមទន្ទឹងរងចាំការគាំទ្រ នឹងការចូលរួមវិភាគទានពីបណ្តាប្រទេសជាសមាជិក​អាស៊ាន​ក្នុងពេលធ្វើជាប្រធានសហគមន៍អាស៊ាន និងដើម្បីផលប្រយោជន៍រួម និងជោគជ័យ​នៃអាស៊ានឆ្នាំ ២០២០ ។

ឧត្តមសេនីយ៍ឯក វ៉ូ ឈីន ថាំង (Vũ Chiến Thắng) អគ្គនាយកនៃនាយកដ្ឋានទំនាក់​ទំនង​ការបរទេសក្រោមក្រសួងការពារជាតិ បានធ្វើសេចក្តីថ្លែងនៅក្នុងពិធីបើកក្រុមការងារ​ជាន់ខ្ពស់នៃក្រសួងការពារជាតិអាស៊ាន ( ADSOM ) នៅទីក្រុងដាណាងភាគកណ្តាល កាលពីថ្ងៃ​ព្រហស្បតិ៍កន្លងទៅនេះ។

លោក ថាំង ដែលជាប្រធានកិច្ចប្រជុំក្រុមការងារនេះបាននិយាយថា វៀតណាមបាន​កំណត់គោលបំណងមួយចំនួនសម្រាប់ឆ្នាំនេះ រួមទាំងមាននៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ​អាស៊ាន( ADMM ) ការលើកកម្ពស់សាមគ្គីភាព ការឯកភាពមតិ និងកណ្តាល តាមរយៈកិច្ច​ពិគ្រោះយោបល់ ចែករំលែកទស្សនៈ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

លោក ថាំង បានមានប្រសាសន៍ថា ក្រោមប្រធានបទជាតិ « ភាពស្អិតរមួត នឹងការទទួល​ខុសត្រូវ» សម្រាប់ធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ ក្រសួងការពារជាតិបានជ្រើសរើសប្រធាន​បទ «កិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់អាស៊ាន ដែលមានភាពស្អិតរមួត នឹងឆ្លើយតប » សម្រាប់វិស័យការពារជាតិនៅឆ្នាំ ២០២០ ។

លោកបានបន្ថែមថា ទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីព្រាង សេចក្តីប្រកាស​រួម​របស់រដ្ឋមន្រ្តីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិសម្រាប់ «អាស៊ាន​ដែលមានភាពស្អិតរមួត និងឆ្លើយតប»  ដែលយើងនឹងពិចារណានៅថ្ងៃនេះ។

នៅក្នុងពិធីបើក  លោក ថាំង បានមានប្រសាសន៍ថា ឆ្នាំនេះនឹងប្រារព្ធខួប១០ឆ្នាំ​ នៃការ​បង្កើត ADMM-Plus។ ចាប់តាំងពីវៀតណាមបានបង្កើត ADMM-Plus នេះមក បានបង្ហាញពី​យន្តការសហប្រតិបត្ដិការពិសេសមួយ ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាប្រទេស​ដែលមិនមែនបូក(non-Plus) ។

វាក៏ជាឱកាសពិសេសមួយផងដែរ ហើយវៀតណាមជឿជាក់ថា យើងគួរតែមាន​សេចក្តី​ប្រកាសរួម ដោយរដ្ឋមន្ត្រីការពារជាតិ ADMM-Plus ស្តីពី « ចក្ខុវិស័យសន្តិសុខជាយុទ្ធសាស្ត្រ អាស៊ី-ប៉ាស៊ីហ្វិក » ដែលជាគោលការណ៍ណែនាំសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ​ នា​ពេល​អនាគតក្នុងរយៈពេល១០ ឆ្នាំខាងមុខ និងលើសពីនេះ។

លោកបានបន្តទៀតថា យើងមានទស្សនៈលើទង់ជាតិអាស៊ាន ដែលនឹងត្រូវដាក់​បង្ហាញ​​នៅ​ជាប់ទង់ជាតិនៅឯជួរកងទ័ពអាស៊ាន ដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។ ប្រការនេះ នឹងរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ ទន្ទឹមនឹងការរក្សាបាននូវភាពជាកណ្តាល និងការឯកភាពរបស់អាស៊ាន៕

(ប្រភព VNA: បកប្រែដោយលោក មាស សំអុល)