រាជរដ្ឋាភិបាលអះអាងថា នឹងបន្តបង្ហូរធនធានថវិកាដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

វិទ្យុជាតិកម្ពុជា , អត្ថបទ៖ វ៉ាង ភក្តី ១០ ០១ ២០២០៖

រាជរដ្ឋាភិបាលកម្ពុជា អះអាងថា នឹងបន្តបង្ហូធនធានថវិកា ដើម្បីអភិវឌ្ឍន៍រដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅទាក់ទាញការវិនិយោគ បង្កើនគុណភាពការដឹកជញ្ជូន ដែលភ្ជាប់កម្ពុជាជាមួយបណ្តាប្រទេសអាស៊ាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តបង្ហូរធនធានថវិកា ទាំងប្រភពថវិកាជាតិ និងហិរញ្ញប្បទានពីបរទេស ដើម្បីជំរុញការស្តារ ជួសជុល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាមានដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ស្ពាន ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ សំដៅទាក់ទាញការវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី៩ ខែមករានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពក្នុងការជំរុញការវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានដូចជា ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ផ្លូវល្បឿនលឿន ជាដើមនេះ ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញគ្រប់ច្រកល្ហកនៅទូទាំងប្រទេស និងតភ្ជាប់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ជាការពិតហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន……….ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង
បើតាមការឲ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ក្រសួងមានផែការជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនមានដូចជា សំរួលការដឹកជញ្ជូននៅតាមព្រំដែន ពន្លឿការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដើម្បីភ្ជាប់ការដឹកជញ្ជូនជាមួយវៀរណាម ការ ស្តារផ្លូវឲ្យប្រសើរឡើងវិញ ពិនិត្យការភ្ជាប់ផ្លូវដែកពីកម្ពុជាទៅកាន់ទីក្រុងហូជីមិញប្រទេសវៀតណាម បញ្ចប់យានដ្ឋានជួសជុល និងកែច្នៃយានយន្តខុសបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាត បញ្ចប់បញ្ហាផ្លូវគ្មានគុណភាព និងការដឹកទំនិញលើសទម្ងន់ ពិនិត្យលទ្ធភាពកំពង់ទេសចរណ៍តាមផ្លូវទឹក និងសិក្សាលទ្ធភាពពង្រីកកំពង់ផែកុងទីន័រនៅកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ជាដើម៕