ជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិករាលដាលនៅជិតព្រំដែនអាល្លឺម៉ង់

វិទ្យុជាតិកម្ពុជា៖ ភួង ឈុនលាង


អង្គការសុខភាពសត្វពិភពលោកបានឲ្យដឹងថា ប្រទេសប៉ូឡូញបានកត់សំគាល់ការផ្ទុះជំងឺផ្តាសាយជ្រូកចំនួន ៥៥ ករណីនៅក្នុងជ្រូកព្រៃនៅជិតព្រំដែនអាល្លឺម៉ង់កាលពីខែមុន ដែលនេះជាសញ្ញាមួយដ៏គ្រោះថ្នាក់នៃការរីករាលដាលវីរុសនៃជំងឺគ្រុនផ្តាសាយជ្រូក។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។
តាមរបាយការណ៍នៅលើគេហទំព័ររបស់អង្គការសុខភាពសត្វពិភពលោកបានបង្ហាញថា ពេលនេះគេបានរកឃើញជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិកនៅក្នុងភូមិមួយដែលមានចម្ងាយជិត ៣០ គីឡូម៉ែត្រពីប្រទេសអាល្លឺម៉ង់ដែលជាប្រទេសអ្នកនាំចេញសាច់ជ្រូកធំបំផុតមួយរបស់សហភាពអឺរ៉ុប។ជំងឺគ្រុនផ្តាសាយជ្រូកអាហ្រ្វិកមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសត្វជ្រូកនិងជ្រូកព្រៃ។ជំងឺនេះមានដើមកំណើតនៅទ្វីបអាហ្វ្រិកមុនពេលរីករាលដាលដល់ទ្វីបអឺរ៉ុបនិងអាស៊ី ហើយបានសម្លាប់សត្វជ្រូករាប់លានក្បាលរួចទៅហើយ ។
សូមបញ្ជាក់ថា នៅពេលនេះរដ្ឋាភិបាលអាឡឺម៉ង់កំពុងបង្កើនវិធានការណ៍ដើម្បីការពារការផ្ទុះឡើងនៃជំងឺផ្តាសាយជ្រូកអាហ្វ្រិក ដូចជាការសាងសង់របងការពារកុំឲ្យសត្វជ្រូកព្រៃរត់ចូលអាល្លឺម៉ង់ និងបន្តការអនុញ្ញាតឲ្យមានការបាញ់សម្លាប់សត្វជ្រូកព្រៃបន្ថែមទៀតជាដើម៕ប្រភព៖ សារព័ត៌មាន Channel News Asia