រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ អំពាវនាវឱ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំសង្គម

វិទ្យុជាតិកម្ពុជា៖អត្ថបទ៖ជួន បូណា

MC៖រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំសង្គម ដើម្បីធានាឱ្យប្រជាពលរដ្ឋរស់នៅទទួលបានព័ត៌មានអប់រំថ្មីៗដែលជួយអោយសង្គមមានសុខុដុមរម្យនីយកម្ម។

សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានជំរុញឱ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំសង្គមដូចជា ច្បាប់ចរាចរណ៍ គ្រឿងញៀន វប្បធម៌ ប្រពៃណីទំនៀមទំលាប់ផលិតផលក្លែងក្លាយ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយជាដើម ដែលជាបញ្ហារាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាត្ដិឱ្យប្រតិភូសភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចូលជួបសម្ដែងការគួសម នារសៀលថ្ងៃទី ០៩ ខែមករា នៅទីស្ដីការក្រសួង ហើយសម្ដេចក្រឡាហោម បានបញ្ជាក់ថា ការចូលរួមចំណែកជួយផ្សព្វផ្សាយអប់រំសង្គមនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែទៀត ។ ជាពិសេស រួមចំណែកពង្រឹងសន្ថិភាព ស្ថេរភាព និងជំរុញការអភិវឌ្ឍសង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុយ វណ្ណៈប្រធានសភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានប្ដេជ្ញាចិត្ដនឹងខិតខំពង្រីកការផ្សព្វផ្សាយអំពីសីលធម៌សង្គម សុខភាពប្រជាពលរដ្ឋ និងឧត្ដមគតិនៃការការពារតម្លៃផលប្រយោជន៍ជាតិ។
ឯកឧត្ដមបានបញ្ជាក់ថា តាមរយៈការជួយអប់រំសង្គមនេះ ដើម្បីផ្ដល់ជាសារអប់រំទៅដល់ប្រជាពរដ្ឋគ្រប់ស្រទាប់វណ្ណៈកាន់តែភាពមានយល់ដឹងអំពីច្បាប់ ការខុសឆ្គងសីលធម៌សង្គម និងមានការផ្លាស់ប្ដូរឥរិយាបទមិនល្អនៅក្នុងសង្គមផងដែរ ៕