សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបើកសន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ និងលើកទិសដៅអាណត្តិទី៥បន្ត

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

នៅសាលប្រជុំ ស.ស.យ.ក ខេត្តព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានប្រា រព្ធសន្និបាតសាខាអាណត្តិទី៥(២០១៩-២០២៥) ដែល អង្គសន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នឹងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រធាន អនុប្រធានកិត្តិយសសាខា អាណត្តិ ទី៤ គណៈកម្មាធិការសាខាអាណត្តិទី៤ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខា យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ និងសិស្សានុសិស្ស សរុបចំនួន ៣៣១នាក់។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖ទី១/ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥) ទី២/ ពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៤ និង ផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥) ទី៣/ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ និងទី៤/ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខាអាណត្តិទី៥។
ក្នុងឱកាសសន្និបាតសាខា សមាជិក សមាជិកាពេញសិទ្ធបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៥ដែលមានសមាសភាព១៥រូប។ ក្នុងនោះបានបោះឆ្នោតជ្រើសរើស លោកជំទាវបណ្ឌិត បាន ស្រីមុំ ជាប្រធានគណ:កម្មាធិកាសាខាអាណត្តិទី៥ និងលោកជំទាវ ពៅ សុខ ជាអនុប្រធានអចិន្រ្តៃយ៍។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនអាណត្តិទី៥ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដូចខាងក្រោម៖ ១-ពង្រឹងអភិបាលកិច្ចល្អ ២-ពង្រឹង និងពង្រីកសមត្ថភាព គៀរគររកមូលនិធិ និងគ្រប់គ្រង មានគណនេយ្យភាព និងតម្លាភាព ៣-ខិតខំពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៤-ពង្រីក និងអភិវឌ្ឍន៍កម្លាំងចលកររួមមាន៖ យុវជន និងអ្នកស្ម័គ្រចិត្តកក្រក ឱ្យកាន់តែសកម្មថែមទៀត។ ៥-ទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព និង អនុសាខាក្រុង ស្រុក កាន់តែជិតស្និទ្ធថែមទៀត។ ៦-បន្តអភិវឌ្ឍសាខា អនុសាខា ឱ្យទៅជាសាខាមានដំណើរការល្អលើគ្រប់វិស័យ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសមាសភាព គណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មី និងបានឯកភាពចំពោះទិសដៅការងារ៦ឆ្នាំបន្តដែលអង្គសន្និបាតបានអុម័ត។លោកជំទាវ សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពិតជាលើកកម្ពស់ស្មាតី និងទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្ដាល ជាពិសេសគណៈកិត្តិយសសាខាជាអ្នកផ្ដល់នូវកិត្តនាមដល់កាកបាទក្រហមកម្ពុជាអ្នកសម្របសម្រួលទ្រទ្រង់ និងកៀរគររកមូនិធិដើម្បីសាខា អនុសាខាមានលទ្ធភាពតាមតម្រូវការសម្រេចបាននូវសកម្មភាពមនុស្សធម៌ ។ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើនូវក្តីនឹករលឹក និងចូលរួមអបអរសាទរពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះគណៈកម្មាធិការសាខាអណត្តិថ្មី ដែលទទួលបានការគាំទ្រពីអង្គសន្និបាទពេលនេះត្រូវបន្តការដឹកនាំអោយមានតម្លាភាព និងការទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ថា៖ យោងតាមសេចក្តីប្រកាសរបស់កាកបាទក្រហមកម្ពុជាបានប្រកាសតែងតាំង ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ហើយគណៈកម្មាធិការសាខាអណត្តិទី៥ សម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៥ មានចំនួន ១៣រូប និងសមាជិកបម្រុងចំនួន ២រូប (ស្រី១រូប)៕
អត្ថបទលោក កុល កាយណា