ស្ថានទូតចិនប្រចាំកម្ពុជាពេញចិត្ត និងអគុណមន្ត្រីរាជការកម្ពុជា ដែលចូលរួមប្រកួតសរសេរអត្ថបទក្រោមប្រធានបទ «រឿងរ៉ាវរបស់ខ្ញុំនៅប្រទេសចិន»

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

Mc៖ ស្ថានទូតចិនប្រចាំកម្ពុជាពេញចិត្ត និងអគុណមន្ត្រីរាជការកម្ពុជា ដែលចូលរួមប្រកួតសរសេរអត្ថបទ ក្រោមប្រធានបទ «រឿងរ៉ាវរបស់ខ្ញុំនៅប្រទេសចិន»ដើម្បីបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ។

ក្នុងពិធីប្រគល់រង្វាន់ដល់មន្ត្រីមន្ត្រីរាជការកម្ពុជាកាលពីល្ងាចថ្ងៃទី៨ មករា ២០២០ នៅសណ្ឋាសូហ្វីតែលភ្នំពេញ ឯកឧត្តម អ៊ូ គ័រឈាន ទីប្រឹក្សា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម អមស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា អត្ថបទសំណេររបស់មន្ត្រីកម្ពុជា គឺផ្តោតលើដំណើរទស្សនកិច្ចនៅទីតាំងនានា នៅ ប្រទេសចិន ដូចជាការទៅចូលរួមសិក្ខាសាលា និងទស្សនកិច្ចសិក្សា ឬ បេសកកម្មការងារផ្សេងៗទៀត ហើយអត្ថបទសំណេរទាំងនោះមានជាភាសាអង់គ្លេសផង ភាសាចិនផង និងភាសាខ្មែរផង ដោយមានខ្លះជាអត្ថបទបរិយាយ ខ្លះជាកំណាព្យ ហើយខ្លះទៀតលើកឡើងអំពីតំបន់ណាមួយរបស់ប្រទេសចិន។

ឯកឧត្តមបន្តថា តាមរយៈអត្ថបទទាំងអស់នោះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា និងចិនកាន់តែល្អប្រសើរឡើងៗ ព្រោះថា ប្រទេសទាំងពីរជាដៃគូល្អ មិត្តល្អ បងប្អូនល្អ ចិត្តមួយថ្លើមមួយ ជាអ្នកជិតខាងល្អ គោរពគ្នាទៅវិញទៅមក ឈ្នះៗរួមគ្នា គ្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណ រហូតក្លាយជាដៃគូគំរូដ៏ល្អ នៅក្នុងតំបន់។

ឯកឧត្តមបន្តថា សម្រាប់ឆ្នាំ២០១៩ វគ្គបណ្តុះបណ្តាលក្រៅប្រទេសក្រោមជំនួយរបស់ចិនទទួលបានលទ្ធផលយ៉ាងច្រើន ដោយបានអញ្ជើញមន្ត្រី៩៥២នាក់មកពីប្រទេសកម្ពុជា ទៅចូលរួមការបណ្តុះបណ្តាលចំនួន២០វគ្គ ពាក់ព័ន្ធនឹងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិត្រូនិក តំបន់ពាណិជ្ជកម្មសេរី ការអភិវឌ្ឍកសិកម្ម ព័ត៌មានភាវូបពាណិជ្ជកម្មផ្នែកអប់រំ ការរុករកធនធានរ៉ែ និងការផ្លាស់ប្តូរពិសោធន៍ផ្សេងៗទៀត។

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងកោតសរសើរចំពោះជ័យលាភីទាំងអស់ និងសូមអរគុណដល់ការិយាល័យទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អមស្ថានទូតចិនប្រចាំកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើង ដោយចាត់ទុកថាជាការរឹតចំណងមិត្តភាពរវាងកម្ពុជានិងចិនកាន់តែស្អិតរមួតបន្ថែមទៀត លើគ្រប់វិស័យ ទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិស័យជាច្រើនទៀត ។

របាយាករណ៍បានឱ្យដឹងថា មន្ត្រីរាជការដែលទទួលបានរង្វាន់ពីគណៈអធិបតី នាឱកាសនោះ មានមកពីក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងរ៉ែនិងថាមពល ក្រសួងសុខាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម ដោយអត្ថបទសំណេររបស់ពួកគាត់គឺផ្តោតលើដំណើរទស្សនកិច្ចនៅទីតាំងនានា ស្ថិតក្នុងប្រទេសចិន កាលពីពេលកន្លងមក ជាពិសេស បទពិសោធន៍មិនអាចបំភ្លេចបាន ក្នុងពេលដែលពួកគាត់មានវត្តមាននៅទីនោះ ដូចជាការទៅចូលរួមសិក្ខាសាលា និងទស្សនកិច្ចសិក្សា ឬ បេសកកម្មការងារផ្សេងៗទៀត ហើយអត្ថបទសំណេរទាំងនោះ មានជាភាសាអង់គ្លេសផង ភាសាចិនផង និងភាសាខ្មែរផង ដោយមានខ្លះជាអត្ថបទបរិយាយ ខ្លះជាកំណាព្យ ហើយខ្លះទៀតលើកឡើងអំពីតំបន់ណាមួយរបស់ប្រទេសចិន៕