រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បន្តស្វែងរកយុទ្ធសាស្ត្រការពារកុមារពីអំពើហិង្សា និងការរំលោភបំពាន

វិទ្យុជាតិកម្ពុជា, អត្ថបទ វ៉ាង ភក្តី ០៩ ០១ ២០២០៖

រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍បន្តស្វែងរក យុទ្ធសាស្ត្រការពារកុមារពីអំពើហិង្សា និងការរំលោភបំពានគ្រប់ទម្រង់ផ្សេងៗមកលើកុមារ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិកុមារ ខណៈកុមារត្រូវបានគេមើលឃើញថា នៅតែរងការរំលោភបំពាន។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារនៅថ្ងៃទី៩ ខែមករានេះ ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះការអនុវត្តច្បាប់អន្តរជាតិនានា ជាពិសេសអនុសញ្ញាស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមពាក់ព័ន្ធ ដើម្បីឆ្លើយតទៅនឹងតម្រូវការរបស់កុមារ និងកិច្ចការពារ ជាពិសេសសម្រាប់កុមារ ដើម្បីរស់នៅក្នុងសេរីភាព សន្តិភាព និងការអភិវឌ្ឍ តាមរយៈដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនកាសកម្មភាពដើម្បីទប់ស្កាត់ និងធានាថា កុមារគ្រប់រូបជៀសផុតពីការប្រើអំពើហិង្សា និងការរំលោភបំពានគ្រប់ទម្រង់។ ជាមួយគ្នានេះ ក៏បានប្រគល់មុខងារគ្រប់គ្រង
មណ្ឌលថែទាំកុមាររបស់រដ្ឋឲ្យទៅរដ្ឋបាលរាជធានី ខេត្ត ប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការ
មិនមែនរដ្ឋាភិបាលឲ្យទៅរដ្ឋបាលរាជធានី ក្រុង ស្រុក និងប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះនៅក្នុងសហគមន៍ឲ្យទៅរដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា សុខុមាលភាពកុមារ។
ដូចគ្នានេះ លោកស្រី Natacha Paddison នាយិការងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា មានប្រសាសន៍ថា កិច្ចគាំពារកុមារពីបញ្ហានេះ ទាមទារនូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកស្រី បញ្ជាក់ថា កម្ពុជាអាចរៀបចំគោលនយោបាយ ដើម្បីធ្វើឲ្យមានប្រព័ន្ធសុវត្ថិភាពសង្គម និងជំនួយសង្គមកាន់តែខ្លាំង ក្នុងការជួយដល់ជនក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេសកុមារកំព្រា និងស្ត្រីងាយរងគ្រោះ ជនចាស់ជរា ជនពិការ ជាដើម។
យោងតាមរបាយការណ៍ដែលបង្ហាញដោយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូជំនួយមកពីសហគមន៍អន្តរជាតិ បានបញ្ជាក់ថា យ៉ាងហោចណាស់ មានកុមារម្នាក់ ក្នុងចំណោមកុមារ២នាក់ ទទួលរងអំពើហិង្សាលើរាងកាយ ខណៈកុមារ ម្នាក់ ក្នុងចំណោម៤នាក់ បានទទួលអំពើហិង្សាខាងផ្លូវចិត្ត និងកុមារម្នាក់ ក្នុងចំណោមកុមារ២០នាក់ បានទទួលរងអំពើ ហិង្សាលើផ្លូវភេទ។ កុមារដែលទទួលរងការជួញដូរ ការ ប្រើប្រាស់អំពើហិង្សា ការគំរាមកំហែង ការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងកេងប្រវ័ញ្ចគ្រប់រូបភាពច្រើនកើតចេញពីគ្រួសារក្រីក្រ ការធ្វើចំណាកស្រុក ការទុកកូនចោលដោយឳពុកម្តាយជាប់ពន្ធនាគារ ជាដើម៕