លោក Erdogan អំពីភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់៖  តួកគីមិនចង់ឱ្យតំបន់នេះក្លាយជាតំបន់យោធាទេ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០​ — ការអត្ថាធិប្បាយរបស់ប្រធានាធិបតីតួកគីធ្វើឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ ដោយមូលដ្ឋានទ័ពទាំងនេះមានបុគ្គលិកយោធាអាម៉េរិក។

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា តួកគីមិនចង់ឱ្យតំបន់មជ្ឈិមបូព៌ាប្រែក្លាយជាតំបន់សម្រាប់ប្រតិបត្តិការយោធាទេ ខណៈដែលលោកបានទទូចថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់កម្រិតគ្រោះថ្នាក់មួយ។

លោក Erdogan បាននិយាយថា «យើងបានឆ្លងកាត់ពេលវេលាដ៏លំបាកនាពេលបច្ចុប្បន្ននេះ។ ទំនាក់ទំនងរវាងអាម៉េរិកជាមួយអ៊ីរ៉ង់បានឈានដល់កម្រិតមួយ ដែលធ្វើឱ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ យើងមិនចង់ឱ្យតំបន់របស់យើងក្លាយជាតំបន់សង្គ្រាមទេ»។

ប្រធានាធិបតីតួកគីក៏បាននិយាយផងដែរថា ទីក្រុងអង់ការ៉ា បានចូលរួមក្នុង «កិច្ចប្រឹងប្រែងការទូតយ៉ាងសកម្ម» ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ រួមទាំងកិច្ចសន្ទនាគ្នាឥតឈប់ឈរជាមួយទីក្រុង     មូស្គូ។

ការលើកឡើងរបស់លោក Erdogan ធ្វើឡើងនៅពេលដែលលោក និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ- ពូទីន កំពុងស្ថិតនៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបើកដំណើរការបំពង់បង្ហូរឧស្ម័ន TurkStream ថ្មី ដែលនឹងដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសតួកគីតាមរយៈសមុទ្រខ្មៅ។

កាលពីព្រឹកថ្ងៃពុធ អ៊ីរ៉ង់បានបើកការវាយប្រហារតាមអាកាសចំនួន ២ ប្រឆាំងនឹងមូលដ្ឋានយោធា    អាម៉េរិកនៅ Erbil និងមូលដ្ឋានទ័ពអាកាស Ayn al-Asad​ របស់អ៊ីរ៉ាក់ ដែលនៅទីនោះមានបុគ្គលិកយោធា និងកងកម្លាំងចម្រុះរបស់អាម៉េរិក។ រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានអំពីការស្លាប់ និងរបួសដែលត្រូវបានបញ្ជាក់ដោយទីក្រុងវ៉ាស៊ីនតោននោះទេ។ ការវាយប្រហារបានកើតឡើងបន្ទាប់ពីការធ្វើឃាតលោកឧត្តមសេនីយ៍ទោ Qasem Soleimani មេបញ្ជាការកងកម្លាំងឃឺដរបស់ IRGC ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាម៉េរិកកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០។

ទីក្រុងតេហេរ៉ង់បានប្តេជ្ញាសងសឹកចំពោះការសម្លាប់មេបញ្ជាការយោធាកំពូលរបស់ខ្លួន ខណៈដែលសន្យាថា នឹង«ដកអាម៉េរិកចេញ»ពីតំបន់នេះ។ ក្រុមមន្ត្រីអ៊ីរ៉ាក់ក៏បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលក្រោយមកបានធ្វើចលនានៅក្នុងសភាដើម្បីបណ្តេញវត្តមានយោធាបរទេសទាំងអស់ចេញពីប្រទេស៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)