ការព្យាការណ៍គោលបំណងចម្បងនៃការវាយប្រហារ របស់អ៊ីរ៉ង់ដើម្បីដេញជនជាតិអាម៉េរិកចេញពីអ៊ីរ៉ាក់

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០​ — អ៊ីរ៉ង់បានសន្យាសងសឹកចំពោះមរណភាពរបស់ឧត្តមសនីយ៍ Qasem Soleimani ដែលជាមេបញ្ជា ការកំពូលនៃកម្លាំងឃឺដ និងជាមេដឹកនាំយោធាដ៏លេចធ្លោម្នាក់របស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាម៉េរិកកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ​២០២០ នៅក្នុងប្រទេសអ៊ីរ៉ាក់។

អ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកចំនួន ២ ដែលឈរជើងនៅអ៊ីរ៉ាក់ ដែលជាការឆ្លើយតបទៅនឹងការធ្វើឃាតលោក Soleimani តែការវាយប្រហារនេះមិនទាន់បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនៅឡើយទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Trump បានច្រានចោលភ្លាមៗនូវសារៈសំខាន់នៃការសងសឹករបស់អ៊ីរ៉ង់។ លោកបានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «ទាំងអស់នេះមិនមានបញ្ហាអ្វីទេ … យើងមានយោធាដែលមានថាមពលខ្លាំងក្លាបំផុត និងមានសមត្ថភាពគ្រប់ទីកន្លែង» ដោយលោកបានសរសេរបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែវាយតម្លៃចំពោះការខូចខាត។

«អ៊ីរ៉ង់មានផែនការបង្កើតសាមគ្គីភាពរបស់កងជីវពលនិកាយស៊ីអ៊ីតទាំងអស់ដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា ដែលគោលដៅរបស់ពួកគេនឹងធ្វើឱ្យអន្តរាយដល់មូលដ្ឋានរបស់អាម៉េរិកនៅក្នុងតំបន់។ ទាំងនេះមានន័យថា យើងអាចឃើញការវាយលុកទៅលើរថយន្តយោធាអាម៉េរិក ការវាយប្រហារទៅលើស្ថានទូត និងមូលដ្ឋានទ័ពរបស់ពួកគេ ហើយថែមទាំងមានការវាយប្រហារដោយអត្តឃាតទៀតផង ដែលទាំងអស់នេះ គឺជាការសងសឹកសម្រាប់មរណភាពរបស់ឧត្តមសនីយ៍ Soleimani»។

នៅពេលដែលបុគ្គលិកយោធាអាម៉េរិកត្រឡប់មកវិញដោយនៅក្នុងមឈូស អ្នកជំនាញជឿជាក់ថា លោក Trump នឹងគ្មានជម្រើសអ្វីក្រៅពីដកខ្លួនចេញពីអ៊ីរ៉ាក់។

ទោះជាយ៉ាងណា រឿងនេះនឹងមិនកើតឡើងភ្លាមៗនោះទេ ដោយសារតែការធ្វើបែបនេះអាចត្រូវបានបកស្រាយដោយជនជាតិអ៊ីរ៉ង់ថា ជាភាពទន់ខ្សោយ។

លោក Trump បានបញ្ជាក់រួចហើយថា លោកគ្មានចេតនាដកទ័ពរបស់លោកទេ ហើយថែមទាំងបានព្រមានអ៊ីរ៉ាក់ដែលមានបុគ្គលិកយោធាអាម៉េរិកថា អ៊ីរ៉ាក់នឹងប្រឈមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រសិនបើខ្លួនធ្វើតាមរបបផ្តាច់ការរបស់សាធារណរដ្ឋអ៊ីស្លាមមួយនោះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)