វៀតណាមត្រូវការផ្លាស់ប្តូរគោលនយោបាយ ដើម្បីសម្របខ្លួននៅក្នុងបដិវត្តឧស្សាហកម្ម

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០​ — លោក Pham Xuan Hoe មកពីវិទ្យាស្ថានយុទ្ធសាស្រ្តធនាគារបាននិយាយនៅក្នុងវេទិកាមួយនៅទីក្រុងហាណូយថា ប្រទេសវៀតណាមត្រូវការ «បដិវត្តនៅក្នុងគំនិតបង្កើតគោលនយោបាយរបស់ខ្លួន» មុនពេលដែលវាអាចទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី ៤ ។

ចូលរួមនៅក្នុងវេទិកាដែលរៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងនយោបាយវៀតណាម (VEPR) លោក Hoe បាននិយាយថា «ប្រសិនបើវៀតណាមអាចឈានទៅរកបដិវត្តទាន់ពេលវេលាសេដ្ឋកិច្ចឌីជីថល អាចជួយប្រទេសនេះបិទគម្លាតជាមួយប្រទេសដទៃទៀតនៅលើពិភពលោក»។

ទោះជាយ៉ាងណា លោកមានការព្រួយបារម្ភអំពីគោលនយោបាយដើម្បីជួយជំរុញការបម្លាស់ប្តូរទៅកាន់ឌីជីថល ដោយលោកបាននិយាយថា «វៀតណាមនៅតែអនុវត្តន៍គោលនយោបាយហួសសម័យនៅក្នុងបរិបទសេដ្ឋកិច្ចថ្មី»។

សេដ្ឋវិទូវៀតណាម លោក Nguyen Tri Hieu បានប្រាប់វេទិកានេះថា «ចាប់តាំងពីឆ្នាំ ២០១៦ មក ប្រទេសនេះបាននិយាយច្រើនអំពីគុណសម្បត្តិរបស់បដិវត្តឧស្សាហកម្មទី ៤ ប៉ុន្តែបន្ទាប់ពីបួនឆ្នាំនេះ ខ្ញុំមិនបានឃើញកន្លែងណានៅក្នុងបដិវត្តបែបនេះទេ»។

ឆ្លើយតបទៅនឹងការអត្ថាធិប្បាយទាំងពីរនេះ លោក Ho Tu Bao មកពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿនជប៉ុន បាននិយាយថា «វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃបដិវត្ត» ដោយលោកបាននិយាយបន្ថែមថា បដិវត្តនីមួយៗត្រូវចំណាយពេលពី ៥០ឆ្នាំ ទៅរាប់រយឆ្នាំ។

លោក Bao បាននិយាយថា បដិវត្តឧស្សាហកម្មទី ៤ គឺជាការផ្លាស់ប្តូរឌីជីថលមួយ ដែលជួយបិទគម្លាតក្នុងទំនាក់ទំនងសង្គម ជួយសម្រាលបន្ទុកការងារ និងដកតួនាទីរបស់អន្តរការីដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោកកំពុងធ្វើការងារជាមួយក្រសួងសុខាភិបាល លើផែនការភ្ជាប់កំណត់ត្រាវេជ្ជសាស្ត្ររបស់        ប្រជាជនជាង ៥០លាននាក់ជាមួយនឹងព័ត៌មានលម្អិតអំពីការធានារ៉ាប់រងសុខភាពរបស់ពួកគេ និងផែនការមួយទៀតជាមួយក្រសួងដឹកជញ្ជូនដើម្បីភ្ជាប់កំណត់ត្រាដឹកជញ្ជូនចំនួន ១,២លានគ្រឿង។

លោក Bao បាននិយាយថា «ក្រសួងខ្លះដំណើរការលឿន ហើយខ្លះទៀតដំណើរការយឺត ក្នុងការផ្លាស់ប្តូរឌីជីថលនេះ ប៉ុន្តែទោះបីជាយ៉ាងណា ការយល់ដឹងរបស់អ្នកដឹកនាំជាច្រើនត្រូវបានកែលម្អ។ ការផ្លាស់ប្តូរឌីជីថល គឺជាគម្រោងរយៈពេលវែង ហើយគួរតែចំណាយពេលយ៉ាងតិច ១០ឆ្នាំ»៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)