ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ តួនាទីគណៈប្រធាន UNSC  ជាឱកាសមាសសម្រាប់វៀតណាម

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០​ — ការសន្មតរបស់វៀតណាម ចំពោះសមាជិកភាពមិនអចិន្រ្តៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងតំណែងជា គណៈប្រធាន របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមករា ឆ្នាំ ២០២០ នេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ប្រទេសនេះដើម្បីចូលរួមចំណែកប្រកបដោយលក្ខណៈស្ថាបនា និងទំនួលខុសត្រូវចំពោះកិច្ចការរួមរបស់សហគមន៍អន្តរជាតិ។

ឧបនាយកមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានសរសេរនៅក្នុងអត្ថបទថ្មីមួយថា តួនាទីបែបនេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវជំហររបស់ប្រទេសវៀតណាម នឹងធ្វើឱ្យទំនាក់ទំនងរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសនានា និងដៃគូសំខាន់ៗ។

ដោយចង្អុលបង្ហាញអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះសន្តិភាព និងសន្តិសុខសកលលោក ដូចជាជម្លោះអូសបន្លាយនៅទ្វីបអាហ្វ្រិក ការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា និង «ចំណុចក្តៅគគុក» ដែលមានសក្តានុពលនៅតំបន់មួយចំនួនដែលរួមមានទាំងនៅអាស៊ី – ប៉ាស៊ីហ្វិកផង លោក Minh បានអះអាងថា វៀតណាមនឹងបន្តអនុវត្តន៍គោលនយោបាយការបរទេសឯករាជ្យភាព ពឹងផ្អែកខ្លួនឯង ការធ្វើ      សមាហរណកម្មអន្តរជាតិ សកម្មភាពពហុភាគីនីយកម្ម នឹងការធ្វើពិពិធកម្ម។។

លោកបាននិយាយថា ប្រទេសវៀតណាមនឹងខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសន្ទនាបន្ធូរបន្ថយភាពតានតឹង និងការប្រឈមមុខ ព្រមទាំងស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

លោក Minh បាននិយាយថា ទន្ទឹមនឹងនោះដែរ វៀតណាមនឹងខិតខំលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍មូលដ្ឋានស្តីពីសមភាពអធិបតេយ្យភាពរវាងប្រទេសនីមួយៗ ក៏ដូចជាការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយសង្គមមិនមានការជ្រៀតជ្រែកគ្នាទៅវិញទៅមកនៅកិច្ចការផ្ទៃក្នុង ការដោះស្រាយជំលោះដោយសន្តិវិធី និងការមិនប្រើប្រាស់កម្លាំងគំរាមកំហែង។

ឧបនាយករដ្ឋមន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ទៅលើការតស៊ូមតិរបស់វៀតណាមអំពីស្មារតីនៃភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយចីរភាព ដែលផ្តោតទៅលើការការពារជម្លោះ ការកសាងសន្តិភាព ព្រមទាំងការលើកកម្ពស់ពហុភាគីនីយកម្ម និងស្ថាប័នពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ និងអង្គការនានាក្នុងតំបន់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)