រាជរដ្ឋាភិបាល បញ្ជាឲ្យមន្រ្ដីថ្នាក់ក្រោមជាតិបន្ដចុះដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋកាន់តែទូលំទូលាយ

វិទ្យុជាតិកម្ពុជា៖អត្ថបទ៖ជួន បូណា ០៩ ០១ ២០៖

រាជរដ្ឋាភិបាល បានបញ្ជាឲ្យមន្រ្ដីថ្នាក់​ក្រោមជាតិបន្ដចុះ​ដោះស្រាយបញ្ហាប្រឈម​នានាជូនប្រជា​ពលរដ្ឋកាន់តែទូលំទូលាយ ដើម្បីធានាឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្ដៅបំផុត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង ឧបនាកយរដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យ ភូមិ ឃុំ ស្រុក ខណ្ឌ ត្រូវចុះដោះស្រាយបញ្ហាផ្សេងៗនៅតាមមូលដ្ឋាន ជាពិសេសនៅពេលដែលប្រជាពលរដ្ឋសំណូមពរ ត្រូវដោះស្រាយជាបន្ទាន់។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរជ័យជម្នះ៧មករា លើកទី៤១ នៅខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែមករា សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនេះ គឺដើម្បីបង្ហាញពីការយកចិត្ដទុក្ខដាក់ទៅលើប្រជាពលរដ្ឋស្របពេលដែលពលរដ្ឋមានជំនឿ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ដឹកនាំប្រទេស។

សម្ដេចក្រឡាហោម បានជំរុញឲ្យមន្ត្រីទាំងអស់ត្រូវធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្ដរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដើម្បីបង្ហាញថាគណបក្សប្រជាជនកម្ពុជាមិនដែលមានទម្លាប់ភូត កុហក បោកប្រាស់ប្រជាជននោះទេ តាំងពីដើមរហូតមកដល់ពេលនេះ។

សម្ដេចសង្ឃឹមថា ក្រុមការងារទាំងអស់ នឹងបន្ដអនុវត្តការងារនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។«សម្ដេចក្រឡហោម ស ខេង យើងមិនមានទម្លាប់ភូតទេ កុហក បោកប្រាស់ប្រជាជនទេ តាំងពីដើមរហូតមកដល់ពេលនេះ។ ជាក់ស្ដែងបុព្វហេតុតស៊ូរបស់យើង ពីមុនមកយើងថា ធ្វើដើម្បីជាតិ ដើម្បីប្រទេសមានសុខសន្ដិភាព មានស្ថិរភាព និងការអភិវឌ្ឍរុងរឿងដូចអរិយៈប្រទេស អ្នកដឹកនាំយើងអត់ទាន់ភ្លេចទេ មិនទាន់ភ្លេចពីបុព្វហេតុដើមរបស់យើងទេ បានសេចក្ដីថា បានប៉ុណ្ណឹងហើយភ្លើតភ្លើនភ្លេចគិតពីប្រជាពលរដ្ឋអត់ទេ។ រាជរដ្ឋាភិបាលកម្ពុជា បានពង្រាយមន្ដ្រីមុខងារសាធារណៈ មន្ដ្រីគណបក្ស ទៅតាមច្បាប់ជាធរមាន ចុះទៅមូលដ្ឋានដើម្បីជួបប្រជាពលរដ្ឋ ហើយផ្ដល់សេវាជូនពួកគាត់ នូវអ្វីដែលប្រជាពលរដ្ឋត្រូវការ ដូច្នេះហើយអ្វីជាបុព្វដើម គឺនៅតែបន្ដធ្វើរហូតដល់ពេលបច្ចុប្បន្ននេះ»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានអរគុណដល់ក្រុមការងារទាំងអស់ ដែលតែងតែចុះជាប់ជាប្រចាំ ជាមួយប្រជាពលរដ្ឋ ហើយតែងតែក្ដោបក្ដាប់នូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅ ដោះស្រាយឲ្យបានទាន់ពេលវេលា៕