អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងរៀបចំការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅថ្ងៃទី១០ខែមករា

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា ០៩ ០១ ២០២០៖

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងរៀបចំការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនៅថ្ងៃទី១០ខែមករានេះ ដើម្បីវាយតម្លៃលើសមត្ថភាពក្នុងការអនុវត្តនៃប្រព័ន្ធបញ្ហាគ្រោះអាសន្ន ក្នុងការឆ្លើយតបឧប្បទ្ទវហេតុគ្រោះថ្នាក់យន្តហោះ និងប្រសិទ្ធភាពនៃការសហការគ្នាក្នុងការដឹកនាំបញ្ជាដោះស្រាយបញ្ហាប្រឈម ។

ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ គឺ ដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ ដែលតម្រូវឲ្យរដ្ឋជាសមាជិករៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅរៀងរាល់ពីរឆ្នាំម្តង នៅក្នុងនិងជុំវិញបរិវេណអាកាសយានដ្ឋាន ដើម្បីបានដឹងពីសមត្ថភាពនៃការគ្រប់គ្រងឧបទ្ទវហេតុ។
« ចង់ជំរាបជូនថាលំហាត់សមយុទ្ធគឺជាតំរូវការ ដោយសារប្រទេសយើងជាប្រទេសអនុវត្តតាមនិងជាសមាជិករបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ។ ដូច្នេះហើយច្បាប់យើងនិងបទប្បញ្ញត្តិ នានាគឺអនុវត្តតាមChicago convention 44 របស់អាកាសចរស៊ីវិលអន្តរជាតិ ។ ប៉ុន្តែដោយឡែកទាក់ទងទៅនិងAirport យើងមានពាក់ពន្ធ័ជាមួយអង្គការអាកាសចរស៊ីវិលអន្តរជាតិ គឺអានិកទាំងបួន ចឹងគេតំរូវឲ្យAirport នីមួយៗដែលគាត់ធ្វើប្រតិបត្តិការរាល់ថ្ងៃនឹង គឺឲ្យមានការធ្វើសមយុទ្ធយោធាជារៀងរាល់២ឆ្នាំម្តងគឺធ្វើជាក់ស្តែង ហើយនិងធ្វើទ្រឹស្តី៦ខែម្តង » ។
ឯកឧត្តម ជា អូន បានឲ្យដឹងថា លំហាត់សមយុទ្ធនេះ គឺមានការចូលរួមពីស្ថាប័នកងកម្លាំងប្រដាប់អាវុធរួមមានទាំងយន្តហោះ រថយន្តអគ្គីភ័យ រថយន្តពេទ្យ និងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ ។

អាកាសចរណ៍ស៊ីវិលបានអំពាវដល់ប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើលចំពោះការធ្វើ លំហាត់សមយុទ្ធនេះ ខណៈឆ្នាំនេះគឺជាលើកទី៦ ហើយនៃការធ្វើសមយុទ្ធនៅគ្រប់ព្រលានយន្តទាំងបីរបស់ព្រះរាជាណាចក្រម្ពុជា រួមមាន ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះខេត្តសៀមរាប និងព្រលានយន្តហោះខេត្តព្រះសីហនុ ៕