ខេត្តស្ទឹងត្រែង បង្កើនការផ្សព្វផ្សាយនិងអប់រំឱ្យទៅជាពហុវិស័យពីបញ្ហាគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង


ប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តខេត្តស្ទឹងត្រែង បានក្រើនរំលឹកដល់អ្នកពាក់ព័ន្ធ ត្រូវបង្កើនការផ្សព្វផ្សាយនឹងអប់រំឱ្យទៅជាពហុវិស័យពីបញ្ហាគ្រឿងញៀនអោយបានសកម្មថែមទៀត។
លោកយង់សុវឌ្ឍនាអភិបាលរងខេត្តនឹងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសថា៖ខេត្តស្ទឹងត្រែងមិនមែនជាខេត្តផលិតគ្រឿងញៀនទេតែជាខេត្តមួយរងគ្រោះជាងគេដោយសាតែឧក្រិដ្ឋជនយកភូមិសាស្ត្រទឹកដីខេត្តនេះនាំគ្រឿងញៀនឆ្លងកាត់។ លោកបន្តថាៈកិច្ចការទាំងនេះសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន បន្តបង្កើនការអប់រំផ្សព្វផ្សាយស្តីពីគ្រឿងញៀនឱ្យបានទូលាយបន្ថែមទៀត ដើម្បីឱ្យការប្រយុទប្រឆាំងគ្រឿងញៀនបានប្រសិទ្ធភាព ធ្វើឱ្យភូមិឃុំនិមួយៗក្លាយជាភូមិឃុំស គ្នានគ្រឿងញៀនកូនចៅប្រជាពលរដ្ឋចៀសផុតនូវភាពរងគ្រោះ ករណីចាញ់បោកមេក្លោងដែលអូសទាញឱ្យជួញដូរ- ចែកចាយ- រក្សាទុក-និងប្រើប្រាស់ខុសច្បាប់។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីគ្រឿងញៀននៅសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០៨ ខែមករានេះ លោកវីរសេនីយ៍ទោចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖នៅឆ្នាំ២០១៩កន្លងមកសមត្ថកិច្ចខេត្តស្ទឹងត្រែងបានសហការគ្នាបានបង្ក្រាប់បានចំនួន៦២ករណីឃាត់ខ្លួនជនសង្ស័យបាន៩៤នាក់វត្ថុតាំងមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(I C E)ទម្ងន់៣០. ៨៣៨,៩៣ក្រាម។
-ញៀនប្រភេទមេតំហ្វេតាមីន(WY)ទម្ងន់២៦. ១៩៥គ្រាប់ទម្ងន់២ .៦៧៦ ,២៦ក្រាម។ លោកបន្តថា៖ជាងនេះនៅឆ្នាំ២០១៩កន្លងមកដែរ អនុវត្តការផ្សព្វផ្សាយស្តីពីគ្រឿងញៀនបាន(៤៣២លើក)មានអ្នកចូលរួម(២៧.៥៩៦នាក់)ក្នុងនោះស្ត្រី(១៤.៥៤២នាក់)និងនៅតាមគ្រឹះស្ថានសាលារៀនបាន(៥២លើក)មានសិស្សចូលរួម(៤.៥៤៩នាក់)ក្នុងនោះសិស្សស្រីចំនួន(២.៣៨៣នាក់)៕