ខេត្តប៉ៃលិន បិទការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់អភិបាលខេត្ត ដើម្បីអបអរសាទរខួបទី៤១ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២០

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តបៃលិន

ប៉ៃលិន៖ នៅទីលានតារាងបាល់ទាត់សួនរីករាយ ដែលស្ថិតនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដើម្បីអបអរសាទរ ខួបទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩ ដល់ ៧ មករា ២០២០ ដែលជាថ្ងៃកំណើតទីពីរ របស់ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា៖ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជាប្រមុខដឹកនាំ បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកីឡាគ្រប់ប្រភេទ ធ្វើឱ្យវិស័យកីឡានៅទូទាំងប្រទេសមានការរីកចម្រើនយ៉ាងខ្លាំង ហើយបានទទួលជ័យលាភីជាបន្តបន្ទាប់លើឆាកអន្តរជាតិ ហើយសមិទ្ធផលទាំងអស់នេះគឺកើតចេញពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា និងក្រោមនយោបាយឈ្នះៗរបស់សម្តេច ដែលមិនអាចកាត់ថ្លៃបាន។ នៅក្នុងឱកាសនោះដែរ អភិបាលខេត្ត ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសប្បុរសជន ដែលបានចូលរួម និងឧបត្ថម្ភគាំទ្រ លើកស្ទួយវិស័យកីឡាក្នុងខេត្តរបស់យើង ឱ្យមានការរីកចម្រើន ជាពិសេសបានផ្តល់ឱកាសដល់យុវជនបានបង្ហាញនូវសមត្ថភាព បង្កើននូវបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាកីឡាករដ៏ល្អ សម្រាប់ឆ្ពោះទៅការប្រកួតថ្នាក់ជាតិ។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ក្រុមកីឡាករទាំងអស់ ត្រូវខិតខំប្រកួតតាមលក្ខណៈបច្ចេកទេស និងត្រូវមានសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ព្រោះថាការប្រកួតតែងតែមានចាញ់ និងឈ្នះ ហើយជៀសមិនផុតពីការប៉ះពាល់គ្នាបន្តិចបន្តូចមិនខានឡើយ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ហើយនាំគ្នាលេងកីឡាដើម្បីសុខភាព។
បើតាមរបាយការណ៍ របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការប្រកួតដណ្តើមពានរង្វាន់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត គឺដើម្បីអបអរសាទរខួបទី៤១ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០២០ នាពេលនេះ គឺបានប្រព្រឹត្តទៅអស់រយះពេល ០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ០១ មករា ដល់ ថ្ងៃទី០៧ មករា ឆ្នាំ២០២០ ដោយការប្រកួតនេះមានក្រុមកីឡាករចូលរួមចំនួន ១១ក្រុម ហើយជាលទ្ធផលចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមតោចាស់របស់មណ្ឌលកុមារកំព្រាខេត្ត,ចំណាត់ថ្នាក់លេខ២ ក្រុមសាលាខេត្តប៉ៃលិន, ចំណាត់ថ្នាក់លេខ៣ ក្រុមផែស្ងួត SOFIA FC, និងក្រុមចំណាត់ថ្នាក់លេខ៣ស្ទួន ក្រុមឃុំស្ទឹងត្រង់ ដោយឡែកក្រុមលេងមានសីលធម៌ល្អបានទៅលើក្រុមមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ( FAMILY FC) ចំពោះពានរង្វាន់ ឯកឧត្តមអភិបាលខេត្តប៉ៃលិន បានផ្តល់ជូនក្រុមកីឡាករ ដោយចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ និងថវិការចំនួន ៣លានរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានថវិការចំនួន ២លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា ១លានរៀល ៥សែនរៀល ផងដែរ៕

អត្ថបទលោក កុល កាយណា