ផ្លូវបេតុងមួយខ្សែងជាង១០គីឡូម៉ែត្រ នៅក្នុងស្រុកស្អាង ខេត្ដកណ្ដាល ចាប់ផ្តើមដំណើរការចាក់បេតុងហើយ

AKP កណ្តាល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ — ផ្លូវលំមួយខ្សែជាង១០គីឡូម៉ែត្រ ដែលមានភាពលំបាកខ្លាំងកន្លងមក​ ឥឡូវបានចាប់ផ្តើម​ចាក់​បេតុងជាបណ្តើរៗហើយ បន្ទាប់ពីបើកការរដ្ឋានសាងសង់ កាលចុងឆ្នាំ ២០១៩ កន្លងមកនេះ។ ផ្លូវមួយខ្សែនេះ ស្ថិតនៅក្នុងឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ជាផ្លូវសេដ្ឋកិច្ចមួយ​របស់​ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ក៏ដូចជាអ្នកប្រកបរបរកស៊ីផ្សេងៗទៀត ពិសេសការ ធ្វើដំណើរឆ្លងកាត់ និងតភ្ជាប់ទៅកាន់ខេត្តតាកែវ។

បើតាមការបញ្ជាក់ពីកម្មករសំណង់ដែលកំពុងកាយបេតុងចាក់ពីឡានដឹកស៊ីម៉ង់ត៍ចាក់ស្ថាបនាផ្លូវនេះ បានឱ្យដឹងថា ក្នុងមួយថ្ងៃការចាក់បេតុងលើផ្លូវនេះមិនទៀងនោះទេ ពេលខ្លះ​បាន​ជាង១០០ម៉ែត្រ ហើយពេលខ្លះទៀត ក៏បានតិចជាងនេះ​ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ​បានតែប្រមាណជាង៧០ម៉ែត្រប៉ុណ្ណោះ។ កម្មកររូបនេះបានបន្ដថា ការចាក់បេតុងមិនស្មើ​ប្រវែង ឬកំណត់ឱ្យបានស្មើប្រវែង​គ្នានេះក៏ដោយសារមានភាពរអាក់រអួល​ពីម៉ាស៊ីនក្រឡុក​ស៊ីម៉ង់ត៍។ ជាគោលការណ៍ផ្លូវនេះ នឹងចាក់មួយចំហៀងម្តងរហូតដល់ទីបញ្ចប់ នៃផ្លូវទាំងមូល ព្រោះថា ដើម្បីទុកចំណែកផ្លូវម្ខាងទៀត ធ្ចើចរាចរបាន។ ជាមួយគ្នានេះ ផ្លូវបេតុងនេះ មានទំហំ៦ម៉ែត្រ ហើយពេលនេះចាក់តែម្ខាងចំនួន៣ ម៉ែត្រ កម្រាស់ប្រមាណជា២តិក។​ការចាក់បេតុងលើផ្លូវនេះ គឺកម្មករសំណង់ទាំងក្មេង ចាស់ ប្រុស ស្រី បានកំពុងតែធ្វើការយ៉ាង សស្រាក់ស្រាំ និងការយកចិត្ដទុកដាក់ខ្ពស់។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកអំបិល ក៏បានសម្ដែងនូវក្ដីសប្បាយរីយរាយនៅ ពេលផ្លូវត្រូវបានចាក់បេតុងយ៉ាងដូច្នេះ ព្រោះថានៅពេលផ្លូវនេះស្ថាបនារួចរាល់ជាស្ថាពរ​នោះ ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលធ្វើដំណើរ ពិសេសនោះលែងហ៊ុយដី និងប្រឡាក់ភក់ ដូចមុនទៀតហើយ ជាពិសេសថ្លែងអំណរគុណដល់គណៈពង្រឹងឃុំព្រែកអំបិល ដែលដឹកនាំ​ដោយឯកឧត្ដម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួន​ទៀតដែលចុះមកពង្រឹងឃុំព្រែកអំបិល និងស្រុកស្អាង ខេត្ដកណ្ដាល។

ទន្ទឹមនេះ ពួកគាត់ក៏អរគុណដល់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាប្រធានក្រុមការងារ ពង្រឹងស្រុក​ស្អាង ខេត្ដកណ្ដាល តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។

សូមជម្រាបថា ក្នុងពិធីបើករដ្ឋានសាងសង់ផ្លូវចាក់បេតុង១ខ្សែនេះ កន្លងមក ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ ដ្ឋមន្ត្រីក្រសួងការបរទេស បានមានប្រសាសន៍ថា​ផ្លូវមួយ​ខ្សែនេះ នឹងធ្វើហើយរួចរាល់នៅមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។ ឯកឧត្ដម​ឧបនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំ ត្រូវចូលរួមថែរក្សា ផ្លូវទាំង​អស់គ្នា និងកុំមានការបើកបរហួសល្បឿនកំណត់ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិត​ផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានណែនាំពេលបើកបរគឺត្រូវពាក់មួកសុវត្ថិភាព និង​ពាក់​ខ្សែក្រវ៉ាត់ ហើយក៏បានស្នើឱ្យឪពុកម្តាយ ត្រូវមានប្រុងប្រយ័ត្នចំពោះកូនៗដែល​ធ្វើដំណើរ​តាមផ្លូវ និងឆ្លងផ្លូវព្រោះខ្លាចមានគ្រោះថ្នាក់ដោយប្រការណាមួយ៕

ដោយ ប៊ុនរិទ្ធ