អភិបាលខេត្តប៉ៃលិន អនុញ្ញាតអោយគណៈប្រតិភូ មន្ទីរពេទ្យស៊ីរិវេត  ខេត្តចាន់បុរី ប្រទេសថៃ ចូលជួបសំដែងការគួរសម

 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មាន

នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតអោយគណៈប្រតិភូ មន្ទីរពេទ្យស៊ីរិវេត ខេត្តចាន់បុរី ប្រទេសថៃ ចូលជួបសំដែងការគួរសម និងជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២០ នៅសាលាខេត្តប៉ៃលិន។

លោកវេជ្ជបណ្ឌិត ប្រាសឿត រីមឆាលា  ប្រធានមន្ទីរពេទ្យស៊ីរិវេត ខេត្តចាន់បុរី ប្រទេសថៃ បានលើកឡើងថា នេះជាលើកទីមួយហើយដែលមន្ទីរពេទ្យស៊ីរិវេត ខេត្តចាន់បុរី ប្រទេសថៃ មានបំណង ចង់បង្កើនកិច្ចសហប្រតិ្តបត្តិការ ទំនាក់ទំនងរវាងមន្ទីពេទ្យស៊ីរិវេត និងវិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ឲ្យបានល្អប្រសើរ ដើម្បីងាយស្រួល ធ្វើការងារក្នុងវិស័យសុខាភិបាលជាមួយគ្នា ជាពិសេសការព្យា បាលថែទាំជំងឺផ្សេងៗ ចំពោះប្រជាពលរដ្ឋខេត្តប៉ៃលិន និងខេត្តដទៃទៀត ដែលបានទៅព្យាបាលនៅមន្ទីរពេទ្យស៊ីរិវេត ដែលមានទីតាំងស្ថិតនៅខេត្តចាន់បូរី ប្រទេសថៃ។ នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិតក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ដែលន្លងមកបានយោគយល់អធ្យា​ស្រ័យ​គ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អ រវាងថ្នាក់ដឹកនាំ ខេត្តចាន់បុរី ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ បានឆ្លងព្រំដែនចូលទៅព្យាបាលជម្ងឺទាន់ពេលវេលា និងឆាប់ជាសះស្បើយ។

ឯកឧត្តម ផាន់  ចាន់ធុល អភិបាលខេត្តអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍ និងគាំទ្រចំពោះលោកវេជ្ជបណ្ឌិត ប្រាសឿត រីមឆាលា  ប្រធានមន្ទីរពេទ្យស៊ីរិវេត ខេត្តចាន់បុរី ប្រទេសថៃ និងគណៈប្រតិភូ ដែលមានបំណង ចង់ធ្វើកិច្ចសហប្រត្តិបត្តិការណ៍រវាងមន្ទីរពេទ្យស៊ីរិវេត និងវិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ដែលនេះជាទំនាក់ទំនងដ៏ល្អមួយដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ជាពិសេសបង្កើនភាពជិតស្និត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកព្រមទាំងសហការធ្វើការបញ្ជូន អ្នកជម្ងឺឲ្យបានលឿនតាមសភាពជំងឺជាក់ស្តែង ដើម្បីធ្វើការព្យាបាលបានឆាប់រហ័ស និងទាន់ពេល    វេលា។  ឯកឧត្តមក៏បានសំណូមពរដល់ប្រធានមន្ទីរពេទ្យស៊ីរិវេតកុំគិតពីតម្លៃសេវាជាមុន ត្រូវព្យាបាលសង្រ្គោះបងប្អូនប្រជាពលរដ្ឋដែលទៅព្យាបាលអោយរួចផុតពីជម្ងឺសិន ជាពិសេសមិនត្រូវអោយអ្នកជម្ងឺណាមួយស្លាប់ក្នុងមន្ទីរពេទ្យរបស់ខ្លួនឡើយ​ ដែលនាំអោយមានផលវិបាកនិងអាប់អោនកេរ្តិ៍ឈ្មោះពេទ្យទាំងមូលផង ដែរ។ ក្នុងឱកាសនោះផងដែរលោកវេជ្ជបណ្ឌិត ប្រាសឿត រីមឆាលា  ប្រធានមន្ទីរពេទ្យស៊ីរិវេត ខេត្តចាន់បុរី ប្រទេសថៃ និងគណៈប្រតិភូ ក៏បានប្រគល់ការដូរអនុស្សាវរីយ៍ជូនដល់ឯកឧត្តម ផាន់  ចាន់ធុល អភិបាលខេត្តអភិបាលខេត្តប៉ៃលិន ក្នុងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២០ផងដែរ៕

អត្ថបទ លោក ហឿន គឹមហុន