ក្រសួងសាធារណការប្រកាសជំហរម៉ឺងម៉ាត់បញ្ចប់បញ្ហាផ្លូវគ្មានគុណភាព និងការដឹកទំនិញលើសទម្ងន់

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី ០៨ ០១ ២០២០៖

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសជំហរម៉ឺងម៉ាត់បញ្ចប់បញ្ហាផ្លូវគ្មានគុណភាព និងការ ដឹក ទំនិញលើសទម្ងន់ចាប់ពីឆ្នាំ២០២០នេះ ខណៈបច្ចុប្បន្នមហាជននៅតែ រិះគន់ទៅលើ បញ្ហាធ្វើផ្លូវឆាប់ ខូច ដោយសារមន្ត្រីឃុបឃិតជាមួយក្រុមហ៊ុនម៉ៅការសាងសង់ ដើម្បីកេងចំណេញថវិកា។
ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៨ ខែមករានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងបង្កើតក្រុមការងារពិសេស ដើម្បី ចុះលួចឆ្មក់ពិនិត្យលើការធ្វើផ្លូវស្ពាននានាដែលមាននៅទូទាំងប្រទេស ដោយមិនឲ្យក្រុមអភិវឌ្ឍន៍ នោះដឹងមុននោះឡើយ។ ជាមួយគ្នានេះ ក៏រៀបចំឲ្យមាន ប្រព័ន្ធ តាមដានព័ត៌មាន និងដាក់កាំមេរ៉ា សុវត្ថិភាព បង្កប់ ដើម្បីពិនិត្យមើលសកម្មភាពនៅ ស្ថានីយជញ្ជីង ថ្លឹង រថយន្តផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ជំងឺរ៉ាំរ៉ៃដែលធ្វើឲ្យខូចផ្លូវនៅកម្ពុជា គឺបញ្ហាធ្វើផ្លូវគ្មាន គុណភាព និងការដឹកទំនិញលើសទម្ងន់កំណត់ ដែលកត្តាទាំងពីរនេះ ត្រូវតែបញ្ចប់ចាប់ពីឆ្នាំ២០២០ នេះ ដើម្បីកុំឲ្យមហាជនរិះគន់ថា «ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់» ឬ ធ្វើផ្លូវមិន បានរឹងមាំ ធ្វើ មុខ ខូចក្រោយតទៅទៀត ដែលធ្វើឲ្យក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល ខូច កេរ្តិ៍ឈ្មោះ។ ឯកឧត្តម បាន ក្រើនរំឭកដល់ថ្នាក់ដឹកនាំ ផ្នែកជំនាញ និងភាគី ពាក់ព័ន្ធ ប្តូរ របៀប ធ្វើការ និងប្តូររបៀបតាមដាន លើ ការ អនុវត្តការងាររបស់ក្រុមហ៊ុនសាងសង់ផ្លូវស្ពាន ក៏ដូចជាមន្ត្រីបម្រើការងារនៅតាមស្ថានីយជញ្ជីងថ្លឹង រថយន្តឲ្យបានជាប់ជាប្រចាំ និងមាន ប្រសិទ្ធភាពខ្ពស់បំផុត។
គួររំឭកថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការជាផ្លូវ ការនូវ កម្មវិធីថែទាំ ផ្លូវ(ROAD CARE mobile app) ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងអ្នកប្រើប្រាស់ផ្លូវថ្នល់ និងក្រុម ការ ងារ ជួសជុលថែទាំផ្លូវ សំដៅលើកកម្ពស់គុណភាពផ្លូវ  ពង្រីកការចូលរួមពីសាធារណជន  បណ្ដុះ ស្មារ តី ស្រឡាញ់ថែរក្សាសម្បត្តិជាតិ និងធ្វើជាម្ចាស់ការលើទ្រព្យសម្បត្តិទាំងនោះ៕