ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ ការវាយប្រហារមីស៊ីលលើកទី២ បានបាញ់ប្រឆាំងនឹង​គោលដៅនានារបស់អាម៉េរិកនៅអ៊ីរ៉ាក់ 

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ — រ៉ុក្កែតស៊េរីថ្មី ត្រូវបានបាញ់ឆ្ពោះទៅកាន់គោលដៅរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ភ្លាមៗ​បន្ទាប់ពី មីស៊ីលរាប់សិបគ្រាប់បានវាយប្រហារទីតាំងយោធាអាម៉េរិកនៅតំបន់នោះ នៅព្រឹក​ថ្ងៃពុធ ម៉ោងក្នុងស្រុក។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់បាននិយាយថា​ ឆ្មាំបដិវត្ត អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានជាថ្មីម្តងទៀត ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក​ប្រឆាំងនឹងការចូលរួមក្នុងប្រតិបត្តិការរបស់ពួកគេដែលមានឈ្មោះថា « Martyr Soleimani » ហើយ​បានគំរាមសងសឹកដែលអាចកើតមាន។

តាមប្រភពយោធាដកស្រង់ដោយសារព័ត៌មាន Carla Babb របស់ VOA បានឱ្យដឹងថា រ៉ុក្កែត ប្រហែល៥គ្រាប់ បានវាយប្រហារលើជំរុំ Taj Taji ដែលជាមូលដ្ឋានទ័ព​អាម៉េរិក​ស្ថិតនៅចម្ងាយ ២៧គីឡូម៉ែត្រ ខាងជើងទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់។

ប្រភពយោធាពីទីក្រុងតេអេរ៉ង់បានប្រាប់សារព័ត៌មាន Sputnik ថា យន្ដហោះយោធា​អ៊ីរ៉ង់​កំពុងហោះហើរនៅលើអាកាស ហើយបច្ចុប្បន្នកំពុងហោះហើរនៅតាមតំបន់ព្រំដែន នៅពេលប្រតិបត្តិការនេះបានកើតឡើង។

នៅព្រឹកថ្ងៃពុធនេះដែរ មីស៊ីលប្រមាណ ៣៥គ្រាប់ ត្រូវបានបាញ់បង្ហោះ នឹងវាយ​ប្រហារលើគោលដៅរបស់អាម៉េរិកនៅទីក្រុង Erbil ប្រទេសអ៊ីរ៉ាក់ និងមូលដ្ឋានទ័ពអាកាស Ayn al-Asad របស់ប្រទេសនេះ ដែលមានកងកម្លាំងយោធាអាម៉េរិក៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)