ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិកជួបប្រជុំគ្នា ស្តីអំពីការវាយប្រហារមីស៊ីលអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ — កាលពីថ្ងៃ​អង្គារ​ ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានជួបប្រជុំគ្នាភ្លាមៗនៅឯ​សេតវិមាន បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងមូលដ្ឋានទ័ពអាកាស Ayn al-Asad នៅភាគខាងលិចអ៊ីរ៉ាក់ ដែលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់។

តាមសារព័ត៌មាន Reutersបានឱ្យថា  រដ្ឋមន្រ្តីក្រសួងការពារជាតិ Mike Esper និង​រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានមកដល់សេតវិមាន​កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាគ្នាអំពីការវាយប្រហារនេះ។

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការពារជាតិលោក Jonathan Hoffman បាន​និយាយនៅក្នុងសេចក្តី​ថ្លែងការណ៍មួយថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងបាលីស្ទិករាប់សិប គ្រាប់​ប្រឆាំងនឹងកម្លាំងយោធា និងសម្ព័ន្ធមិត្តអាម៉េរិកនៅអ៊ីរ៉ាក់។ វាច្បាស់ណាស់ថា មីស៊ីល​ទាំងនោះត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ហើយបានកំណត់គោលដៅយ៉ាងហោចណាស់​លើមូលដ្ឋានយោធាអ៊ីរ៉ាក់ចំនួន២ ដែលមានបុគ្គលិកយោធា និង សម្ព័ន្ធមិត្តអាម៉េរិកនៅ​អាល់អាសាដ (Al-Assad) និងអ៊ីស្តប៊ល (Irbil)។ ពួកគេកំពុងធ្វើការ​លើការវាយតម្លៃការ​ខូច​ខាតលើសមរភូមិដំបូងនេះ។

សេចក្តី​ថ្លែងការណ៍បានបន្ថែមថា នៅពេលដែលយើងវាយតម្លៃស្ថានភាព នឹងការឆ្លើយ​តប​របស់យើង យើងនឹងចាត់​វិធានការចាំបាច់ទាំងអស់ដើម្បីការពារ និងការពារបុគ្គលិក​អាម៉េរិក បណ្តាដៃគូនិងសម្ព័ន្ធមិត្តរបស់អាម៉េរិកនៅក្នុងតំបន់។

មូលដ្ឋានអាកាស Ayn al-Asad នៅភាគខាងលិចអ៊ីរ៉ាក់ ដែលជាមូលដ្ឋានទ័ពអាកាស​អាម៉េរិកដ៏ធំមួយ បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ បន្ទាប់ពីការវាយ​ប្រហារ​ដែលធ្វើឡើងដោយឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ( IRGC ) ថា ជាការសងសឹកចំពោះការសម្លាប់​មេបញ្ជា​ការ​កងទ័ពអ៊ីរ៉ង់ឧត្តមសេនីយ៍ Qasem Soleimani​ នោះ។

IRGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទទួលបានដោយលោក ស្រី Farnaz Fassihi នៃកាសែត​ញូវយ៉កថែមស៍ថា យើងព្រមានដល់បណ្តាប្រទេសសម្ព័ន្ធមិត្ត​ទាំងអស់​របស់សហរដ្ឋអាមេរិក ថាប្រសិនបើការវាយប្រហារត្រូវបានបើកចេញពីមូលដ្ឋាន​នៅក្នុងប្រទេសរបស់ពួកគេលើអ៊ីរ៉ង់នោះ ពួកគេនឹងក្លាយជាគោលដៅនៃការសងសឹក​របស់​យោធា។

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនសម្រាប់ការសងសឹកណាមួយនៅខាងអ៊ីរ៉ង់ ហើយថា ទីក្រុង​វ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេច ដើម្បីសងសឹកជាថ្នូរនឹងការតបតវិញ។

សុន្ទរកថារបស់ប្រធានាធិបតីអាម៉េរិករូបនេះ បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់​ពីលោកបានសរសេរអំពីគោលដៅដែលអាចធ្វើទៅបាននៅទីតាំងវប្បធម៌ចំនួន ៥២ នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដែលចំនួនទាំងនេះជានិមិត្តរូបនៃជនជាតិអាម៉េរិកចំនួន ៥២នាក់ ដែលត្រូវបាន​ចាប់ធ្វើជាចំណាប់ខ្មាំងនៅស្ថានទូតអាម៉េរិកក្នុងទីក្រុងតេអេរ៉ង់កាលពីឆ្នាំ ១៩៧៩៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)