អ៊ីរ៉ង់បាញ់មីស៊ីលរាប់សិបគ្រាប់ លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


អ៊ីរ៉ង់បានអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារដោយការ បាញ់មីស៊ីលរាប់សិបគ្រាប់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធនេះហើយបានសន្យាថានឹងវាយប្រហារ បន្ថែមទៀតប្រសិនបើអាមេរិកធ្វើការសងសឹក។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី ០៨ ខែមករា ឆ្នាំ ២០២០។

មន្ទីរបញ្ចកោណសហរដ្ឋអាមេរិកបានឲ្យដឹងថា អ៊ីរ៉ង់ពិតបានធ្វើការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពចំនួនពីរកន្លែងក្នុងទឹកដីអ៊ីរ៉ាក់ ដែលមានវត្តមានកងទ័ពអាមេរិកនៅទីនោះ ហើយពេលនេះកំពុងតែធ្វើការត្រួតពិនិត្យលើចំនួនការខូចខាត និងគ្រោះថ្នាក់ជារួមនៅឡើយ។

បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា ការវាយប្រហាររបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកនេះ គ្រាន់តែជាការចាប់ផ្ដើម តែប៉ុណ្ណោះ ហើយនឹងមានការវាយប្រហារបន្ថែមទៀតប្រសិនបើអាមេរិកធ្វើការសងសឹក។

សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតមានឡើង បន្ទាប់ពីមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី (Qassem Soleimani)ត្រូវបានអាមេរិកសម្លាប់នៅក្នុងទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន៕
ប្រភព៖ សារព័ត៌មាន Channel News Asia