៤១ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើនជូនជាតិមាតុភូមិ ប្រជាពលរដ្ឋរស់នៅមានសុខសន្តិភាពនិងការរីកចំរើនស្ទើគ្រប់វិស័យ

វិទ្យុជាតិកម្ពុជា ៖
MC: សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តីបានអៈអាងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៤១ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពនិងការរីកចំរើនស្ទើគ្រប់វិស័យហើយប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តមិនបារម្ភពីភ្នក់ភ្លើងសង្គ្រាមទៀតឡើយ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ក្នុងមីទ្ទិញរំឮកខួបលើកទី៤១ឆ្នាំនៃទិវាជ័យជម្នះ៧មករា ១៩៧៩ ៧ មករា ២០២០នេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល ៤១ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានកែប្រែមាតុភូមិកម្ពុជាពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាពបំផុត។សម្តេចតេជោនាយករដ្ឋមន្រ្តីបានអៈអាងថា ស្ថិតនៅលើកំណាត់ផ្លូវដ៏វែងនេះ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំការប្រយុទ្ធតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បានឋិតនៅរួមសុខរួមទុក្ខជានិច្ចជាមួយប្រជាជនធ្វើជាបង្អែករបស់ប្រជាជននៅគ្រប់កាលៈទេសៈទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជនទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ ព្រមទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។
ជាក់ស្តែងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយពីតំបន់ភ័យ ខ្លាច ជម្លោះសង្គ្រាម ក្នុងគំនរផេះផង់ បានក្លាយជាទីក្រុងស៊ីវីល័យ ជាទីក្រុងនយោបាយ សេដ្ឋកិច្ច ជាទីក្រុងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាទីក្រុងផ្លាស់ប្តូរទំនិញ និងពាណិជ្ជកម្ម ថែមទៀតផង។ ភាពរីកចំរើននេះពុំមែនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺមានការអភិវឌ្ឍ រីកចំរើននៅទូទំាងប្រទេសលើគ្រប់វិស័យ មានអគារខ្ពស់ៗ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពាន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ដែលធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ សាទរនឹងសមិទ្ធផលរបស់ រាជរដ្ឋាភិបាលទំាងអស់ ដែលមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ថែមទំាងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងរស់នៅកាន់តែមានភាពស៊ីវិល័យ។
សម្តេចតេជោបញ្ជាក់ថា ក្នុងស្មារតីនេះ យើងទាំងអស់គ្នាប្ដេជ្ញាដាច់ខាតត្រូវការពារសន្តិភាពដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនោះឲ្យរឹងមាំ ស្ថិតស្ថេរគង់វង្សជានិច្ច មិនអនុញ្ញាតឲ្យកម្លាំងប្រតិកិរិយាណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក្តី។
សម្លេង«មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅដ៏សុខសាន្ត សម្បូរសប្បាយរបស់ប្រជាជន មានសន្តិភាពទើបធានាដល់ការស្ថិតស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ហើយជោគជ័យនៃដំណើរការអភិវឌ្ឍន៍ និងភាពរឹងមាំនៃប្រជាធិបតេយ្យ និងជះឥទ្ធិពលត្រឡប់មកវិញធានានូវចីរភាពនៃសន្តិភាព។ បើយើងបាត់បង់សន្តិភាពនោះ យើងនឹងត្រូវបាត់បង់ អ្វីៗទាំងអស់។
លោកស្រីធុច បញ្ចពិធទេវី នាយិការរងវិទ្យាល័យបាក់ទូករាជធានីភ្នំពេញបានគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូប បានរួចផុតពីទុកវេទនា ការឈឺចាប់ខ្លោចផ្សារ ការព្រាតប្រាស់និងការកាប់សម្លាប់យ៉ាងសាហាវយ៉ងខ្នងក្នុងរបបប៉ុលពតខ្មែរក្រហម មកជាការរស់នៅប្រកបដោយសុខសន្តិភាព មិនបារម្ភពីការភ័យខ្លាចពីភ្នក់ភ្លើងសង្គ្រាមដូចសម័យអតីតកាលទៀតឡើយ។
សម្លេង«បន្ទាប់ពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩…………ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន»។
សូមបញ្ជាក់ថា នៅក្នុងទិវាជ័យជម្នះ៧មករា ១៩៧៩ ៧ មករា ២០២០នេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាការពារដាច់ខាតនូវឯករាជ្យអធិបតេយ្យជាតិ ដើម្បីធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លាប្រជាជនកាន់តែមានជីវភាពធូរធារ ពិសេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់និងចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕