ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធផ្តល់សេវាសាធារណៈជូនពលរដ្ឋស្របតាមអភិក្រមរបស់សម្តេចតេជោសែន

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ  និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម និង ផ្តល់សេវាសាធារណៈជូនពលរដ្ឋអោយបានល្អ ស្របតាមអភិក្រម ទាំង៥ ចំនុច ហើយត្រូវធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធភាព ។
ការលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំរោងកុនចាស់ ។

ឯកឧត្តម អ៊ី ឈានបានដាក់ទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ ចំនួន៣ចំនុច រួមមាន៖ អនុវត្តន៍តាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការ និងសេវាចាំបាច់ ,ជួយមើលការអនុវត្តការងាររបស់មន្រ្តី និងស្នើរគ្រប់ក្រុមការងារនីមួយៗធ្វើរបាយការណ៍មកថ្នាក់លើដើម្បីជួយប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធិភាព។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបានសំនូមពរដល់សមាជិក សមាជិការក្រុមការងារមូលដ្ធានខេត្តប៉ៃលិនទាំងអស់ ត្រូវបំពេញការងារ តាមតួនាទី និងភារៈកិច្ចឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ធ្វើរបាយការណ៍ជូនថ្នាក់លើ ឱ្យបានទាន់ពេលវេលា ងាយស្រួលដោះស្រាយជូនប្រជាពលរដ្ឋតាមតម្រូវការ។
ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តប៉ៃលិន នៅឆ្នាំ២០១៩ ទទួលបញ្ហាប្រឈម និងសំនូមពីបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧១ករណី ក្នុងនោះដោះស្រាយបានចំនួនជាង៤២ភាគរយ កំពុងដោះស្រាយ ជិត២៣ភាគរយ និងមិនទាន់បានដោះស្រាយ ជិត៣៣ភាគរយ ៕ ញ៉ឹប បូរី ប៉ៃលិន