រាជរដ្ឋាភិបាលចាប់ផ្តើមលក់លេខចុះបញ្ជីពិសេសសម្រាប់រថយន្ដឯកជនចាប់ពីថ្ងៃស្អែកនេះ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី
MC: រាជរដ្ឋាភិបាលកប្ពុជា ចាប់ផ្តើមលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដឯកជនចាប់ពីថ្ងៃស្អែកនេះ ដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ និងទាញបានចំណូលបន្ថែមលើផ្នែកមួយនេះ។
ថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា លក្ខណៈសម្បត្តិរបស់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី០១ ដល់ ០៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយស្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រលាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុង ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនីដែលខ្លួនមាន ឬតម្កល់ប្រាក់ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ ដែលបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កលក្ខណៈ ងាយស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់។
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា គោលបំណងនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ដនេះ គឺដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជ្រើសរើសស្លាកលេខ ដែលមានលក្ខណៈពិសេសអាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធីនៃការប្រមូលពន្ធថែមទៀតផង។ ជាមួយគ្នានេះ ក៏ដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញលេខចុះបញ្ជីរថយន្ត ដោយងាយស្រួល តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនៃយុគសម័យបច្ចេកវិទ្យា។
សូមបញ្ជាក់ថា ពិធីបើកឲ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដជាលើកដំបូងនេះកម្ពុជា នឹងធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នៅផ្សារទំនើប អ៊ីអន សែនសុខ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងជញ្ជូន និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង គណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រឹះស្ថានហរិញ្ញវត្ថុជាដៃគូ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើន សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនទូទៅ៕