ទឹកធ្លាក់អូរយ៉ាណាយក្លាយជាតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញថ្មី

នៅក្នុងខេត្តរតនៈគិរី
វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC ៖ ទឹកធ្លាក់អូរយ៉ាណាយកំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីប្រកបដោយសក្តានុពលនៅក្នុងខេត្តរតនៈគិរី ដោយបានទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ទៅលេងកម្សាន្តមិនចេះដាច់ ។

លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគីរី បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថាទឹកធ្លាក់អូរយ៉ាណាយ មានទីតាំងនៅភូមិកាហល់ ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនៈគិរី ដែលរំលេចនូវទស្សនីយភាពដ៏ស្រស់ត្រកាលក្រោមការថែរក្សាបរិស្ថាន និងជាឋានសួគ៌សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ដែលប្រាថ្នានូវទេសភាពធម្មជាតិ ។
លោកបានបន្តថា មន្ទីរបានរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ពង្រឹងការអប់រំលើផ្នែកសេវាកម្មចំណីអាហារឲ្យមានអនាម័យ និងតម្លៃសមរម្យ ដែលនេះជាកត្តាសំខាន់សំរាប់ទាក់ទាញភ្ញៀវទេសចរជាតិនឹងអន្តរជាតិ ដើម្បីជួយឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម ពីការបំរើសេវាកម្មទេសចរណ៍ លក់ម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ជាដើម ។
សំឡេង ៖ យើងរំពឹងថាបានផលប្រយោជន៍នេះគឺចំណូលបានប្រជាពលរដ្ឋតាមរយះការអភិវឌ្ឈន៍ ការលក់សំបុត្រការរៀបចំឲ្យមានការលក់ម្ហូបសំរាប់ភ្ញៀវទេសចរនិងយើងក៏មានការដំណើរការរកចំណូលបានពីវិស័យទេសចរណ៍នេះដែរ ។ហើយយើងបានរក្សាតំបន់ព្រៃធនធានធម្មជាតិដែលមានសក្តានុពលដល់វិស័យទេសចរណ៍នេះ គឺយើងរំពឹងថាទៅថ្ងៃអនាគតយើងនឹងសល់ធនធានធម្មជាតិនេះ ។
លោកប្រធានមន្ទីរខេត្តរតនៈគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គួរធ្វើដំណើរទេសចរណ៍ នៅក្នុងប្រទេសកម្ពុជាឲ្យអស់ពីលទ្ធភាព ជៀសវាងការដើរកម្សាន្តនៅបរទេស ដើម្បីចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថាន ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនៈគិរី បានអោយដឹងទៀតថា នៅឆ្នាំ២០១៩នេះ ខេត្តរតនៈគិរីបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានចំនួនជាង១៩ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង២ម៉ឺននាក់ ៕