ព្រឹទ្ធសភាស្នើឱ្យក្រសួងកសិកម្មបន្ដចុះដោះស្រាយការពារត្រីផ្សោតឱ្យបានគង់វង្

វិទ្យុជាតិអត្ថបទ៖ជួន បូណា

MC៖សមាជិកព្រឹទ្ធសភា បានស្នើឱ្យក្រសួងកសិកម្មបន្ដចុះដោះស្រាយការងាប់ត្រីផ្សោត ដើម្បីធានារក្សាកំណើនសត្វផ្សោតឡើងថែមទៀតជាប្រយោជន៍បំរើដល់វិស័យទេសចរណ៍។
ឯកឧត្ដម ខៀវ មុតសមាជិកព្រឹទ្ធសភាបានអំពាវឲ្យឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជូនមន្ដ្រីជំនាញចុះសិក្សាឱ្យបានច្បាស់ពីមូលហេតុដែលនាំឱ្យត្រីផ្សោតនៅខេត្តក្រចេះបានងាប់នាពេលកន្លមក។ ក្រៅពីនេះក៏បានស្នើឲ្យក្រសួង និងមន្ត្រីជំនាញត្រូវបង្កើនការអភិរក្សត្រីផ្សោតនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ការបញ្ជាក់បែបនេះធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភាកាលពីសប្តាហ៍មុន ដោយសមាជិកព្រឹទ្ធសភាចាត់ទុកថា ការចូលរួមអភិរក្សពពួកសត្វកម្រនេះ បានជួយបំរើដល់វិស័យទេសចរណ៍បង្កើតការងារជូនប្រជាសហគមន៍ និងបង្កើនចំណូលចូលថវិកាជាតិថែមទៀត។
ជាការឆ្លើតយតបទៅនឹងការស្នើឡើងនេះ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍ថា ការងាប់ត្រីផ្សោតនាពេលកន្លងមកនេះ ដោយសារតែត្រីផ្សោតមួយចំនួនមានវ័យចំណាស់ ខ្លះទៀតបានជាប់មងរបស់អ្នកនេសាទ និងខ្លះទៀតមានជម្ងឺតាមបែបធម្មជាតិរបស់សត្វក្នុងលោក។

សូមបញ្ជាក់ថា សត្វផ្សោតភាគច្រើនរស់នៅក្នុងអន្លុងជ្រៅៗទាំង៤ដូចជា៖ អន្លង់ឈើទាល អន្លង់កោះសំពាយ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លានៅក្នុងខេត្ដក្រចេះ ដោយវត្តមាននៃ សត្វផ្សោតទាំងនោះបានទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតជាច្រើនឲ្យមកទស្សនានៅតំបន់នោះ ៕