លោក ត្រាំ អួតអំពីយោធាអាម៉េរិក ខណៈលើកឡើងអំពីការគំរាមវាយប្រហារអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០​ — ការបង្ក្រាបរបស់សហរដ្ឋអាមេរិកទៅលើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូចជាការធ្វើឃាតមេបញ្ជាការសមរភូមិដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់ បាននាំឱ្យមានការប្រឈមមុខដាក់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដែលឈានដល់ចំណុចអាក្រក់បំផុតចាប់តាំងពីបដិវត្តអ៊ីរ៉ង់ឆ្នាំ ១៩៧៩ និងវិបត្តិចំណាប់ខ្មាំងស្ថានទូតសហរដ្ឋអាមេរិកមក។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ ដោយប្តេជ្ញាសងសឹកប្រសិនបើសាធារណរដ្ឋអ៊ីស្លាមមួយនេះវាយប្រហារសហរដ្ឋអាមេរិក។

លោកបានសរសេរនៅលើអ៊ីនធឺណេតកាលពីថ្ងៃអាទិត្យថា «សហរដ្ឋអាមេរិកទើបតែបានចំណាយប្រាក់ចំនួនពីរទ្រីលានដុល្លារអាម៉េរិកទៅលើឧបករណ៍យោធា។ យើងគឺជាយោធាធំបំផុត ហើយរហូតមកដល់ពេលនេះ គឺជាយោធាល្អបំផុតនៅលើពិភពលោក!»។

«ប្រសិនបើអ៊ីរ៉ង់វាយប្រហារមូលដ្ឋានអាម៉េរិក ឬប្រជាជនអាម៉េរិកណាមួយ យើងនឹងបញ្ជូនគ្រឿងបរិក្ខារស្រស់ស្អាតថ្មីៗមួយចំនួនទៅកាន់គេ … ដោយមិនមានការស្ទាក់ស្ទើរ!»។

នៅក្នុងករណីនេះ មិនមានភាពច្បាស់លាស់ណាមួយទេដែលថា តើប្រធានាធិបតី លោក Trump ទទួលបានថវិកាចំនួន ២ទ្រីលានដុល្លារអាម៉េរិកមកពីណា។ រដ្ឋបាលដែលកំពុងកាន់អំណាចបានចាប់ផ្តើមចំណាយកាន់តែច្រើនលើវិស័យការពារជាតិបន្ទាប់ពីការកាត់បន្ថយដ៏ខ្លាំងក្លាអស់រយៈពេលជាច្រើនឆ្នាំក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែការចំណាយយោធាសរុបក្នុងរយៈពេលបីឆ្នាំនៃតំណែងប្រធានាធិបតីលោក Trump គឺមានចំនួន ២ទ្រីលានដុល្លារអាម៉េរិក។

នៅក្នុងការបង្ហោះលើប្រព័ន្ធអ៊ីនធឺណេតជាច្រើននៅព្រឹកថ្ងៃម្សិលមិញនោះ លោក Trump បានព្រមានថា មន្ទីរប៉ង់តាហ្គោនមានទីតាំងអ៊ីរ៉ង់ចំនួន ៥២កន្លែង ហើយលោកប្តេជ្ញាថា នឹងវាយប្រហារអ៊ីរ៉ង់ «បានលឿន និងខ្លាំងបំផុត» ប្រសិនបើមានការវាយប្រហារអាម៉េរិក និងទ្រព្យសម្បត្តិណាមួយរបស់អាម៉េរិក។

ទីតាំងទាំង ៥២នេះ តំណាងឱ្យចំណាប់ខ្មាំង ៥២នាក់ ដែលអ៊ីរ៉ង់បានចាប់នៅស្ថានទូតអាម៉េរិកក្នុងទីក្រុងតេអេរ៉ង់ក្នុងឆ្នាំ ១៩៧៩ ។ ពួកគេត្រូវបានដោះលែងជាយថាហេតុ ប៉ុន្តែបញ្ហានេះបាននាំឱ្យមានការបែកបាក់ការទូតរវាងប្រទេសទាំងពីរ នឹងមានការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងរបស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់។

ស្រមោលនៃជម្លោះថ្មីមួយ ត្រូវបានគេព្យួរពាសពេញមជ្ឈិមបូព៌ា បន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani ដែលជាប្រមុខនៃក្រុម Quds ដែលជាឥស្សរជនជាន់ខ្ពស់ម្នាក់ដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)