សភាអេស្ប៉ាញបដិសេធការតែងតាំងលោក Pedro Sanchez ជានាយករដ្ឋមន្រ្តី នៅក្នុងជុំដំបូង

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០​ — កាលពីដើមសប្តាហ៍នេះ មេដឹកនាំគណបក្សសង្គមនិយម និងជានាយករដ្ឋមន្រ្តីស្តីទី លោក Sanchez បានរំលឹកឡើងវិញនូវការសម្រេចចិត្តរបស់លោក ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ ដោយចូលរួមជាមួយគណបក្សឆ្វេងនិយម Unidas Podemos ។

នាយករដ្ឋមន្រ្តីស្តីទី លោក Pedro Sanchez បានបរាជ័យក្នុងការប្រមូលផ្តុំការគាំទ្រពីសភាដើម្បីបង្កើតរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតជុំទីមួយ។ លោក Sanchez បានទទួលការគាំទ្រពីសមាជិកសភាចំនួន ១៦៦នាក់ រីឯ ១៦៥នាក់ទៀតបានបោះឆ្នោតប្រឆាំងនឹងលោក។ នៅក្នុងនោះ មានសំឡេងអនុប្បវាទចំនួន ១៨ ខណៈដែលសមាជិកសភាម្នាក់មិនបានចូលរួមក្នុងការបោះឆ្នោត។

លោក Sanchez  បានទទួលការគាំទ្រពីគណបក្ស PSOE ផ្ទាល់ខ្លួនរបស់លោក គណបក្សឆ្វេងនិយម Unidas Podemos ក៏ដូចជាការគាំទ្រពីគណបក្ស Basque PNV គណបក្ស Mars País គណបក្ស the Galician Nationalist Bloc គណបក្ស Teruel Exists និងគណបក្ស New Canaries ។

ឥឡូវនេះ នាយករដ្ឋមន្ត្រីស្តីទីរូបនេះកំពុងប្រឈមមុខនឹងការបោះឆ្នោតមួយទៀត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ នេះ។

ដើម្បីឈ្នះនៅជុំទីមួយនេះ នាយករដ្ឋមន្រ្តីចាំបាច់ត្រូវទទួលបានសំឡេងភាគច្រើនដាច់ខាត ដែលនឹងពាក់ព័ន្ធនឹងការឈ្នះ ១៧៦សំឡេង ក្នុងចំណោម ៣៥០សំឡេងដែលអាចទទួលបាន។ សម្រាប់ជុំទីពីរ គឺត្រូវការសំឡេងភាគច្រើនធម្មតា។

ប្រទេសអេស្ប៉ាញត្រូវបានជាប់គាំងនៅក្នុងជំហរនយោបាយអស់រយៈពេលជិតមួយឆ្នាំ ប្រឆាំងនឹងការបោះជំហានទៅមុខ នៃការជំរុញឯករាជ្យរបស់តំបន់ Catalonia ។ ប្រទេសនេះបានរៀបចំការបោះឆ្នោតជាសកលក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសអេស្ប៉ាញ លោក Pedro Sanchez បច្ចុប្បន្នកំពុងព្យាយាមរៀបចំការគាំទ្រដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ នៅក្នុងចលនាបែបនេះជាលើកដំបូងចាប់តាំងពីសង្គ្រាម ស៊ីវិលឆ្នាំ ១៩៣៦-១៩៣៩ ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)