ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនិយាយថា មជ្ឈិមបូព៌ាអាចក្លាយជា « ទីបញ្ចុះសព » សម្រាប់សហរដ្ឋអាមេរិក  

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានធ្វើរបាយការណ៍ដំបូង​របស់ខ្លួន​កាល​ពីថ្ងៃចន្ទ ស្តីពីការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់កំពូលរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយឃោសនាមួយបាននិយាយមួយថ្ងៃមុននេះថា មជ្ឈិមបូព៌ាអាចក្លាយជា  « ទីបញ្ចុះសព » សម្រាប់អាម៉េរិក។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ( KCNA ) បានរាយការណ៍ថា ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassim Suleimani បានសម្លាប់នៅក្នុងការវាយប្រហារមីស៊ីលរបស់សហរដ្ឋអាមេរិក​នៅ​ឯ​អាកាសយានដ្ឋានមួយនៅ Bagdad នៅព្រឹកថ្ងៃសុក្រកន្លងទៅនេះ ហើយថា ប្រទេសចិន និងរុស្ស៊ីបាន​ថ្កោលទោសការវាយប្រហារនេះថា ជាការរំលោភធម្មនុញ្ញ អ.ស.ប។

តាមការសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគី​រុស្ស៊ី​លោក Sergey Lavrov កាលពីថ្ងៃសៅរ៍ ប្រទេសចិន និងរុស្ស៊ីបានសង្កត់ធ្ងន់ថា ​ពួក​គេមិនត្រឹមតែជំទាស់នឹងការរំលោភអំណាចយោធានៅក្នុងទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះ​ទេ ប៉ុន្តែក៏មិនអាចអត់ធ្មត់ចំពោះសកម្មភាពយោធាដែលផ្សងព្រេងបានដែរ។

របាយការណ៍នោះបាននិយាយថា ពួកគេបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាព ក្នុងតំបន់ដែលកាន់តែអាក្រក់ទៅៗ ដោយអំពើខុសច្បាប់របស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃអាទិត្យ Meari ដែលជាប្រព័ន្ធឃោសនារបស់កូរ៉េខាងជើង ក៏បានលើកយក​អត្ថបទមួយដែលមានចំណងជើងថា « អ្នកជំនាញខាងយោធារំពឹងថា មជ្ឈិមបូព៌ានឹងក្លាយជា​ទីបញ្ចុះសពសម្រាប់        សហរដ្ឋអាមេរិក» ។

គេហទំព័រនេះបាននិយាយថា « អ្នកជំនាញខាងយោធាពិភពលោកថ្មីៗនេះ បានវិភាគថា ​សហរដ្ឋ អាមេរិកកំពុងត្រូវបានគេធ្វើឱ្យផ្ទុះឡើងនៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា »។ «សូម្បីតែ​បណ្តា​ប្រទេសដែលគាំទ្រអាមេរិក ក៏ត្រូវបានគេឆ្លើយតបដោយអកម្ម ចំពោះសំណើរបស់​សហរដ្ឋអាមេរិកក្នុងការបញ្ជូនកងទ័ព ដោយសារបញ្ហានយោបាយផ្ទៃក្នុង និងបញ្ហាប្រឈម​ខាងសេដ្ឋកិច្ចរបស់ពួកគេ ដែលជំរុញឱ្យសហរដ្ឋ អាមេរិកអស់សង្ឃឹម »។

រដ្ឋាភិបាលកូរ៉េខាងជើង មិនបានផ្តល់ប្រតិកម្មផ្លូវការណាមួយចំពោះឧប្បត្តិហេតុ​នេះ​ទេ។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ទីក្រុងព្យុងយ៉ាងត្រូវតែតាមដានយ៉ាងដិតដល់​នូវអ្វីដែលជះឥទ្ធិពលដល់ការអភិវឌ្ឍចុងក្រោយនៅមជ្ឈិមបូព៌ា ដែលអាចមានទៅលើការ​ប្រឈម​មុខនឹងនុយក្លេអ៊ែរ ដែលកំពុងបន្តរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំគណបក្សដ៏ធំរយៈពេល ៤ថ្ងៃ កាលពីចុងខែធ្នូ មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុង-អ៊ុន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានអូសជំហានរបស់ខ្លួននៅក្នុង​កិច្ចពិភាក្សានុយក្លេអ៊ែរ នឹងបានគំរាមបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីដល់ពិភពលោកនាពេល​អនាគត​ដ៏ខ្លីខាងមុខ។

លោក គីម បានបន្ថែមទៀតថា នឹងមិនមានការរំសាយអាវុធនុយក្លេអ៊ែរទេ រហូតដល់​សហរដ្ឋអាមេរិករំកិលគោលនយោបាយអរិភាពរបស់ខ្លួនឆ្ពោះទៅកូរ៉េខាងជើង និងយន្តការ​រក្សាសន្តិភាពយូរអង្វែងមួយត្រូវបានសាងសង់នៅលើឧបទ្វីបកូរ៉េ។

កិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូល​លើកទី២ រវាងលោក គីម និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចប់​ដោយគ្មានកិច្ចព្រមព្រៀង ដោយសារតែភាពខុសគ្នាដ៏ធំធេង លើវិធីដែលត្រូវនឹងវិធានការនុយ​ក្លេអ៊ែរ​របស់ទីក្រុងព្យុងយ៉ាង និងការបន្ធូរបន្ថយទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)