អតិផរណាទាបរបស់ឥណ្ឌូណេស៊ីបានធ្វើឱ្យមានការព្រួយបារម្ភ អំពីសេដ្ឋកិច្ចរបស់ប្រទេសនេះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០​ — អត្រាអតិផរណាទាបក្នុងមួយទសវត្សរ៍របស់ឥណ្ឌូណេស៊ី បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសេដ្ឋវិទូមួយចំនួន ដែលបានព្យាករណ៍ទុកជាមុនអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ។

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) មានចំនួន ២,៧២ភាគរយនៅក្នុងឆ្នាំ ២០១៩ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ១៩៩៩ មក នៅពេលដែលសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់បានកើនឡើងដល់ ២,១៣ភាគរយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ ប្រធានផ្នែកស្ថិតិនៃ BPS-ស្ថិតិ ឥណ្ឌូណេស៊ី លោក Suhariyanto បានសន្និដ្ឋានថា តម្លៃស្ថិតនៅក្រោមការគ្រប់គ្រង ប៉ុន្តែរដ្ឋាភិបាលគួរតែប្រយ័ត្ននឹងអតិផរណាទាប ដែលបង្ហាញអំពីការប្រើប្រាស់មិនល្អ និងប៉ះពាល់ដល់ផលិតកម្ម។

លោក Mohammad Faisal នាយកមជ្ឈមណ្ឌលកំណែទម្រង់សេដ្ឋកិច្ចឥណ្ឌូណេស៊ីបាននិយាយថា មានចំនួនច្រើនជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប ការចំណាយក្នុងគ្រួសារបានកើនឡើងត្រឹមតែ ៥ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩ ដែលទាបជាង ៥,១៧ភាគរយនៅក្នុងត្រីមាសទី២ ។ ទន្ទឹមនឹងនេះដែរ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះមកនៅត្រឹម ៥.០២ភាគរយនៅក្នុងត្រីមាសទី៣ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)