ឯកឧត្តម ហ៊ុន ម៉ាណែតអញ្ជើញក្នុងពិធីបុណ្យពុទ្ធាភិសេក ឆ្លងរូបសំណាកព្រះអង្គធំនិងសមិទ្ធិផលនានាក្នុងវត្ត និគ្រោធារាម ក្នុងស្រុកកងមាស

វិទ្យុជាតិកម្ពុជា៖


ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង
ពិធីបុណ្យពុទ្ធាភិសេក ឆ្លងរូប សំណាកព្រះអង្គធំ និង ឆ្លងសមិទ្ធិផលនានា ក្នុងវត្តនិគ្រោធារាម ភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ខែមករា ឆ្នាំ២០២០
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់ រំយុវជន និងកីឡា ,ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត រួមជាមួយ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ប្រមាណ ២៤៤៩ នាក់។
លោក មឿន ផា អភិបាលស្រុកកងមាស បានលើកឡើងថាៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយមូលដ្ឋានស្រុកកងមាស មានការអភិវឌ្ឍរីកចំរើនគ្រប់វិសយ័ ដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ពន្ធ័នានា ដែលបានជួយលើកស្ទួយដល់ជីវភាពប្រជាពល រដ្ឋ កាន់តែប្រសើរឡើងជាលំដាប់។ដូចជាសមិទ្ធិផលនានា ក្នុងវត្តនិគ្រោធារាម ដែលបានធ្វើបុណ្យឆ្លង និងសម្ពោធនាពេលនេះ បានកើតឡើងដោយសារការរួមគ្នាកសាង ដែលមានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ក្នុងពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំរើសេវាជូនប្រជាពលរដ្ឋល្អរបស់មន្រ្តីគ្រប់ផ្នែកក្នុងស្រុកកងមាស។តែទោះ ជាយ៉ាងណាក្ដីឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងសមត្ថកិច្ចគ្រប់ផ្នែក ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ អោយបានកាន់តែប្រសើរថែមទៀត ជាពិសេសចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងបង្ក្រាបល្បែងស៊ីសងខុច្បាប់នានាអោយមានប្រសិទ្ធភាព រីឯនៅតាមគ្រួសារនីមួយៗ និង នៅតាមសាលារៀន ក៏ត្រូវចូលរួមអប់រំណែនាំអោយមានការយល់ដឹងពីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន ដើម្បីអោយភូមិ ឃុំមានសុខសុវត្ថិភាពល្អ។ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថាៈផ្អែកតាមលទ្ធផលបោះឆ្នោះនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក បានសបញ្ជាក់អោយឃើញថា ប្រជាពលរដ្ឋបានអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនលើសលប់ និង គាំទ្រចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអ្នកមានគុណយ៉ាងធំធេងក្នុងការរំដោះប្រទេសជាតិពីរបបប្រលយ័ពូជសាសន៍ប៉ុលពត និងចូលរួមស្វែងរកសុខសន្តិភាព កសាងអភិវឌ្ឍប្រទេសជាតិ អោយមានការរីកចំរើនយ៉ាងឆាប់រហស័ដូចសព្វថ្ងៃនេះ។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីទាំងមូល ឯកឧត្តម ហ៊ុន ម៉ាណែតបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយក្តីគោរពស្រលាញ់ និងជាទីនឹករលឹកបំផុត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមនាឱកាសនោះ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថាៈ បច្ចុប្បន្ន ប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិសយ័ ដោយសារប្រទេសជាតិ កំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែគិតគូអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចជាករណី គ្រោះថ្នាក់រលំបាក់អគារ កាលពីល្ងាចថ្ងៃទី ៣ មករា ២០២០ នៅខេត្តកែប និង នៅខេត្តព្រះសីហនុកន្លងទៅ គឺសម្តេចតេជោ បានអញ្ជើញទៅទីនោះដោយផ្ទាល់ទាំងយប់ ដើម្បីដឹកនាំការជួយសង្គ្រោះជនរងគ្រោះអោយអស់លទ្ធភាព។ កាយវិកានេះ ធ្វើអោយប្រជាពលរដ្ឋ កាន់តែអាណិតស្រឡាញ់ និង គាំទ្រសម្តេច ហើយមានការ ជឿជាក់លើកការដឹកនាំរបស់សម្តេចតេជោ កាន់តែខ្លាំងថែមទៀត ចាប់តាំងពីការរំដោះប្រទេសជាតិ ការកសាង ការអភិវឌ្ឍន៍ប្រទេសជាតិ និងការចរចារស្វែងរកសុខសន្តិភាពយ៉ាងលំបាកបំផុត សម្រាប់ប្រទេសជាតិ និងប្រជាជន។ហេតុដូច្នេះ យើងត្រូវដឹងគុណ ដល់សម្តេចតេជោ ព្រមទាំងត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្រលាញ់សន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍរីកចំរើនថែមទៀត ។ ឯកឧត្តមបានបន្ថែមថា សន្តិភាព ពិតជារកបានដោយលំបាក ហើយវាជារបស់យើងទាំងអស់គ្នា ប្រសិនបើវាបាត់បង់ ទើបយើងដឹងពីតំលៃពិតរបស់វា ហេតុនេះ ចូរយើងរួមគ្នាថែរក្សាសន្តិភាព អោយស្ថិតស្ថេរគង់វង់យូរអង្វែង សម្រាប់ការរស់នៅសុខសាន្តរបស់យើង គឺមិនត្រូវអោយបរទេសមួយចំនួនដែលមានទំលាប់ ចង់មកធ្វើបាប ឬទុកឱកាសអោយបុគ្គលមួយចំនួន អាចមកញោះញង់ ចង់បង្កជាសង្គ្រាម ដល់ប្រជាជន និង ប្រទេសជាតិយើងឡើយ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានបំពាក់គ្រឿងឥស្សរិយស ជូនដល់អ្នកចូលរួមកសាងសមិទ្ធផលក្នុងវត្តនិគ្រោធារាម ចំនួន ២២ រូប និង បាននាំអំណោយមួយចំនួន និង ថវិកា ប្រកេន ចូលរួមកសាងសមិទ្ធិនានាក្នុងវត្តថែមទៀតផង៕