ហេតុការណ៍បាក់រលំអគារធំៗក្នុងឆ្នាំ២០១៩ នៅទូទាំងពិភពលោក បានកើតឡើងជាច្រើនករណី ក្នុងនោះប្រទេសមហាអំណាច អាមេរិក និងរុស្ស៉ី ក៏មានករណីបាក់រលំអគារដែរ

(បរទេស)៖ កាលពីឆ្នាំ២០១៩ កន្លងទៅទៅនេះ ហេតុការណ៍បាក់រលំអគារ បានកើតមានឡើងជាច្រើនករណី នៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក និងបានផ្តាច់យកជីវិតមនុស្សរាប់រយរាប់ពាន់នាក់ ក្នុងនោះប្រទេសមហាអំណាច អាមេរិក, រុស្ស៉ី ឥណ្ឌា ក៏មានករណីបាក់រលំអគារដែរ

ខាងក្រោមនេះគឺជាហេតុបាក់រលំអគារធំៗ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៩៖

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៤ជាន់នៅទីក្រុងម៉ុមបៃប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្ស ១៤នាក់ និងរបួសរាប់សិបនាក់កាលពីខែកក្កដា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារសណ្ឋាគារកំពុងស្ថិតក្នុងការសាងសង់នៅទីក្រុងញូអូលីនស៍ (New Orleans) នៃរដ្ឋល្វីស្យ៉ាណា (Louisiana) សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ០២នាក់ និងជាង ២០នាក់រងរបួស។

* ហេតុការណ៍បាក់រលំអគារនៅទីក្រុង បាម៉ាកូ (Bamako) ប្រទេសម៉ាលី បានផ្តាច់ជីវិតមនុស្ស ១៥នាក់ និងរបួសជិត ៣០នាក់កាលពីខែកញ្ញា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៦ជាន់នៅទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា បានផ្តាច់ជីវិតមនុស្ស ០៤នាក់ និង ២១នាក់ត្រូវបានជួយសង្គ្រោះកាលពីដើមខែធ្នូ ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៧ជាន់នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជាបានផ្តាច់ជីវិតមនុស្សសរុប ២៨នាក់កាលពីខែមិថុនា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារស្នាក់នៅកម្ពស់ ១០ជាន់មួយកន្លែងនៅទីក្រុង ម៉ាកនីតធីហ្គស (Magnitigorsk) ប្រទេសរុស្ស៊ីបានផ្តាច់ជីវិតមនុស្ស រហូតដល់ ៣៣នាក់ក្នុងនោះក៏មានក្មេងៗ ០៦នាក់ផងដែរកាលពីដើមខែមករា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៧ជាន់នៅទីក្រុងហ្វូថាឡេហ្សា (Fortaleza) ប្រទេសប្រេស៊ីលកាលពីខែតុលា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្សម្នាក់ និងរាប់សិបនាក់ទៀតរងរបួស។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៣ជាន់នៅតំបន់ចូស (Jos) ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា កាលពីខែកក្កដា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ១៣នាក់ និងមនុស្ស ០៧នាក់ត្រូវបានសង្គ្រោះចេញពីគំនរបាក់បែកនៃអគារ។

* ហេតុការណ៍បាក់រលំអគារកំពុងសាងសង់នៅរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ១៩នាក់ និងជាង ៥០នាក់ត្រូវបានជួយសង្គ្រោះ។

* ហេតុការណ៍បាក់រលំអគារសាលារៀនកម្ពស់ ០៣ជាន់នៅទីក្រុងឡាកូស (Lagos) ប្រទេសនីហ្សេរីយ៉ាបានផ្តាច់ជីវិតមនុស្ស ២០នាក់ និងជាង ៤០នាក់រងរបួស កាលពីខែមីនា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារស្នាក់នៅកម្ពស់ ០៤ជាន់នៅភាគខាងលិច ប្រទេសអ៊ុយក្រែន បានផ្តាច់ជីវិតមនុស្ស ០៨នាក់ និងរបួសរាប់សិបនាក់កាលពីខែសីហា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៤ជាន់នៅតំបន់ស៊ុកឃើ (Sukkur) ប្រទេសប៉ាគីស្ថាន បានផ្តាច់ជីវិតមនុស្ស ០៦នាក់ និង ១៧នាក់រងរបួសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩៕