រដ្ឋបាលខេត្តកែប អះអាងថា ជនរងគ្រោះនៅក្រោមគំនរអគារបាក់រលំនៅតែរក្សាតុល្យភាព២៣នាក់

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី

រដ្ឋបាលខេត្តកែប បានឲ្យដឹងថា មកដល់វេលាម៉ោង១២,៤៥នាទី រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានរុករកឃើញជនរងគ្រោះនៅក្រោមគំនរអគារបាក់រលំសរុចំនួន២៣នាក់(ស្រី០៨នាក់) ក្នុងនោះរបួសធ្ងន់ និងស្រាលចំនួន១៨នាក់(ស្រី០៥នាក់) និងបាត់បង់ជីវិតមានចំនួន០៥នាក់(ស្រី០៣នាក់)។
ចំពោះជនរងគ្រោះដែលបាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារមកបំពេញឯកសារទទួលយកសពទៅធ្វើបុណ្យតាមប្រពណីចំនួន០៤សពហើយ ។
សកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះ របស់កម្លាំងក្រុមការងារជួយសង្គ្រោះ នៅតែបន្តសង្គ្រោះរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរបាក់បែក នៃអគារបាក់រលំ ដោយមកដល់ពេលនេះ គំនរបាក់បែកនៃអគារបាក់រលំនេះ ត្រូវបានក្រុមការងារជួយសង្គ្រោះ ធ្វើការកាយយកចេញបានចំនួនប្រមាណ ៣០ភាគរយហើយ ។
កាលពីវេលាម៉ោង ៤:១៥នាទីរសៀល នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់៦ជាន់ មានទីតាំងស្ថិតនៅ ភូមិកែបសង្កាត់កែប ក្រុងកែប ខេត្តកែប។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ថវិកាជួយដល់សព ជនរងគ្រោះ ម្នាក់ៗ ទទួលបាន ៥ ម៉ឺន ដុល្លារ និង ១០ លាន រៀល ទៀត សម្រាប់ ពិធី បុណ្យសព ។ រីឯ អ្នករបួស ម្នាក់ៗ ទទួលបាន ថវិកា ១ ម៉ឺន ដុល្លារ៕