សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារសពនិងអ្នករងរបួសក្នុង ឧបទ្ទវហេតុបាក់រលំអគារនៅក្នុងខេត្តកែប

វិទ្យុជាតិកម្ពុជា ៖
MC ៖ សម្តេចតេជោនាយករដ្ឋមន្រ្តីសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារសពនិងអ្នករងរបួស ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់នៅក្នុងខេត្តកែប ដើម្បីជួយសម្រាលបន្ទុកជីវភាព របស់ជនរងគ្រោះ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែធ្នូនេះ បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភម្នាក់ៗចំនួន២០០លានរៀល ឬស្មើនឹង ៥ម៉ឺន ដុល្លារអាមេរិក និងថវិកាចំនួន១០លានរៀលបន្ថែមទៀតដល់គ្រួសារសពដែលបានបាត់បង់ជីវិត ខណៈអ្នករង របួសវិញ ក្នុងម្នាក់ៗទទួលបានថវិកា៤០លានរៀល ឬស្មើនឹង១ម៉ឺនដុល្លារអាមេរិក សម្រាប់ដោះស្រាយនៅក្នុងជីវភាព និងបុណ្យសពជាដើម។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ថវិកាដែលបានប្រើប្រាស់ក្នុងកិច្ចការងារ មនុស្សធម៌ជួយដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងបួសក្នុងករណីបាក់រលំអគារដែលមានកម្ពស់៦ជាន់នេះ គឺបានមកពីថវិកាសប្បុរសជន និងថវិកាជាតិ។
តាមសេចក្តីរាយការណ៍បឋមពីមន្ទីររៀបចំដែនដី នគរូបនីយនិងសំណង់ខេត្តកែបបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា គិតត្រឹមម៉ោង១និង៣០នរសៀលថ្ងៃទី៤ ខែមករានេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះបានរកឃើញជនរងគ្រោះនៅក្នុងគំនរបាក់បែកនៃអគារដែលបានដួលរលំនោះមានចំនួន២៣នាក់ហើយ ក្នុងនោះគឺបានបាត់បង់ជីវិតចំនួន៥នាក់ ខណៈក្រុមជួយសង្គ្រោះនៅតែបន្តរុករកបន្ថែមទៀត បន្ទាប់ពីសង្ស័យថា នៅមានជនរងគ្រោះដែលជាកម្មករសំណង់ជាច្រើននាក់ទៀតនៅក្នុងគំនរបាក់បែកនោះ។
សូមបញ្ជាក់ថា ឧបទ្ទវហេតុបាក់រលំអគារដែលមានកម្ពស់៧ជាន់នេះបានកើតឡើងកាលពីវេលា៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕