ក្រុមប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តរុករកជួយជនរងគ្រោះដែលបានបាត់ខ្លួននៅក្នុងគំនរអគារបែកបាក់នៅខេត្តកែប

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ ហុក សុខរិន
MC ៖ មន្ទីររៀបចំដែនដីនិងនគរូបនីយនិងសំណង់ខេត្តកែបបានឲ្យដឹងថា ក្រុមប្រតិបត្តិការជួយ សង្គ្រោះនៅតែបន្តបង្កើនការរុករកជួយជនរងគ្រោះក្នុងគំនរអគារបែកបាក់ ខណៈដែលសង្ស័យថា នៅមានជនរងគ្រោះជាច្រើននាក់ទៀតដែលបានកប់នៅក្នុងគំនរអគារដួលរលំនោះ។

លោកវ៉ៅ សុខា ប្រធាមន្ទីររៀបចំដែនដីនិងនគរូបនីយនិងសំណង់ខេត្តកែបបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងនៅព្រឹកថ្ងៃទី៤ខែមករានេះថា ក្រុមប្រតិបត្តិការជួយសង្គ្រោះបានរកឃើញជនរងគ្រោះនៅក្នុងគំនរបាក់បែកនៃអគារដែលបានដួលរលំនោះមានចំនួន២៥នាក់ហើយ ក្នុងនោះ គឺបានបាត់បង់ជីវិតចំនួន៧នាក់ ខណៈក្រុមជួយសង្គ្រោះនៅតែបន្តរុករកបន្ថែមទៀត បន្ទាប់ពីសង្ស័យថា នៅមានជនរងគ្រោះដែលជាកម្មករសំណង់ជាច្រើននាក់ទៀតនៅក្នុងគំនរបាក់បែកនោះ។សម្លេង«យើងកំពុងតែកាយបេតុងចេញទៀត បើតាមព័ត៌មានអាចមានមនុស្សជាង៣០នាក់ យើងត្រូវលើកបេតុងចេញ ដោយសារតែយើងចោះចូលទៅក្រោមអត់កើត ប្រតិបត្តិការកំពុងតែ ជួយសង្គ្រោះយ៉ាងល្អ ដែលមានក្រុមឯកឧត្តមគន់គីម ក្រុម៧១១ និងជាច្រើនក្រុមទៀត ដែលជាកម្លំាងចម្រុះ»។
លោកប្រធានមន្ទីរបានបញ្ជាក់ថា សំណង់អគារដែលបានបាក់រលំនេះគឺបានសុំច្បាប់ត្រឹម ត្រូវពីស្ថាប័នជំនាញ ប៉ុន្តែម្ចាស់អគារបានសង់ខុសបច្ចេកទេស និងមិនគោរពតាមគុណភាពស្តង់ដារដែលបានកំណត់។សម្លេង«ទី១យើងអាចសន្និដ្ឋានជាបឋមគឺគុណភាពសំណង់ ម្ចាស់សំណង់បានសាងសង់លួច គុណភាព បេតុង ខ្សាច់ និងដែកជាដើម ហើយសំណង់នេះមានច្បាប់ ប៉ុន្តែម្ចាស់សំណង់សង់ លើសមួយជាន់។
សូមបញ្ជាក់ថា ករណីបាក់រលំអគារដែលមានកម្ពស់៧ជាន់នេះបានកើតឡើងកាលពីវេលា៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។ ក្រោយពីការទទួលបានព័ត៌មានបាក់រលំអគារនៅក្នុងខេត្តកែបភ្លាមៗ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំក្រុមការងារជំនាញចុះទៅកាន់កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីដឹកនាំបញ្ជាការសង្គ្រោះ។
សូមរម្លឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩អគារកម្ពស់៧ជាន់ ដែលកំពុងសាងសង់នៅខេត្តព្រះសីហនុ បានបាក់រលំបណ្តាលឲ្យមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។ ក្រោយហេតុការណ៍នោះ តុលាការខេត្តព្រះសីហនុ បានចោទប្រកាន់មនុស្ស៧នាក់ ជាជនជាតិចិន និងជនជាតិខ្មែរ ដែលជាអ្នកទទួលខុសត្រូវសាងសង់អគារនោះ៕