ចំនួនអ្នកស្លាប់កើនដល់៥នាក់ ក្នុងចំណោមអ្នកត្រូវបានសង្គ្រោះ២៣នាក់ ក្នុងបំណាក់អគារនៅក្នុងខេត្តកែប

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី ០៤ ០១ ២០២០៖


តុល្យការគិតត្រឹមម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ បង្ហាញថា ចំនួនអ្នកស្លាប់កើនដល់៥នាក់ ក្នុងនោះមានស្រី៣នាក់ ក្នុងចំណោមអ្នកត្រូវបានសង្គ្រោះចំនួន២៣នាក់ ខណៈក្រុមសង្គ្រោះកំពុងរុករកក្នុងបំណាក់អគារនៅក្នុងខេត្តកែប។ នេះបើតាមការឲ្យដឹងរបស់អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តកែម។

កាលពីវេលាម៉ោង ៤:១៥នាទីរសៀល នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់៦ជាន់ មានទីតាំងស្ថិតនៅ ភូមិកែបសង្កាត់កែប ក្រុងកែប ខេត្តកែប។

មកទល់ពេលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងតែបន្តសកម្មភាពរុករក និងជួយសង្គ្រោះជនរងគ្រោះដែលកំពុងជាប់ក្នុងគំនរបាក់បែក នៃការដ្ឋាននេះ៕