លោក មូន បានលើកឡើងពីការធ្វើកំណែទម្រង់ការកាត់ទោស និងសង្គមយុត្តិធម៌​ជារបៀបវារៈគោលនយោបាយកំពូលនៅឆ្នាំ២០២០

AKP ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីលោក មូន ចេ-អ៊ីន បានប្តេជ្ញាដើម្បីបញ្ចប់​ការធ្វើ​កំណែទម្រង់ការកាត់ទោស និងវិធានការដទៃទៀត ដែលសំដៅលើកកម្ពស់យុត្តិធម៌សង្គម​នៅ​ឆ្នាំ​នេះ ដោយបានជួបប្រជុំជាមួយមេដឹកនាំអាជីវកម្ម និងអ្នកតំណាងមកពីវិស័យផ្សេងៗ​ទៀត។

លោកបានប្តេជ្ញាចិត្តថា នឹងមានការផ្លាស់ប្តូរយ៉ាងច្បាស់ សម្រាប់ប្រទេសកូរ៉េខាងត្បូង​ដោយផ្អែកលើអ្វីដែលលោកនិយាយថា ជាសមិទ្ធិផលមួយចំនួនដែលបានធ្វើក្នុងអំឡុងពេល​កាន់តំណែងជាប្រធានាធិបតីរបស់លោកដែលបានចាប់ផ្តើមនៅខែឧសភា ឆ្នាំ ២០១៧មក។

ក្នុងឱកាសពិធីចូលឆ្នាំថ្មី ដែលបានប្រារព្ធធ្វើនៅទីស្នាក់ការសភាពាណិជ្ជកម្ម និង​ឧស្សាហកម្មកូរ៉េ(KCCI)ក្នុងទីក្រុងសេអ៊ូល លោកបានមានប្រសាសន៍ថា « ការកែទម្រង់​ស្ថាប័ន​​​ដែលមានអំណាច និងកំណែទម្រង់សង្គមប្រកបដោយយុត្តិធម៌​» គឺជាការចាប់ផ្តើមនៃដំណើរ​ការ​នេះ។

នៅប្រទេសកូរ៉េខាងត្បូងជាធម្មតា អង្គការរដ្ឋចំនួន៤ គឺ៖ អយ្យការ ប៉ូលិស ភ្នាក់ងារ​ស៊ើប​ការណ៍រដ្ឋ និងសេវាកម្មពន្ធជាតិត្រូវបានគេហៅថា ជាស្ថាប័នមានអំណាច។​ ជាពិសេស​ការធ្វើកំណែទម្រង់សេវាកម្មអយ្យការដែលគេបាននិយាយថា មានអំណាច និងអំណាចហួស​ហេតុ គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទដែលក្តៅបំផុត។

លោក មូន បានសង្កត់ធ្ងន់ថា ​« គ្មានស្ថាប័នដែលមានអំណាចណាមួយអាចស្ថិត​នៅពី​លើ​ប្រជាជនបានឡើយ​»។ លោកបានមានប្រសាសន៍ថា ​នៅពេលដែលមនុស្សគ្រប់គ្នាពិតជាមាន​ភាពស្មើគ្នា និងយុត្តិធម៌ដោយច្បាប់​ ភាពជឿជាក់សង្គម អាចត្រូវបានបង្កើតឡើងដែលនឹង​ក្លាយ​ជាមូលដ្ឋានសម្រាប់ការរួមរស់ជាមួយគ្នា និងការឯកភាពជាតិ។

លោកបានបន្ថែមថា ខ្ញុំនឹងមិនបញ្ឈប់ការធ្វើកំណែទម្រង់ច្បាប់ និងជាប្រព័ន្ធទេរហូត​ដល់ស្ថាប័នដែលមានអំណាចទទួលបានការជឿទុកចិត្តពីប្រជាជន។លោកបានជំរុញឱ្យពួកគេផ្តួចផ្តើមគំនិតសម្រាប់ការកែទម្រង់ដោយខ្លួនឯង ដោយ​បញ្ជាក់​ថា « ក្នុងនាមជាប្រធានាធិបតី​ដែល​ត្រូវ​បាន​ជ្រើសរើសដោយប្រជាជន ខ្ញុំនឹងប្រើសិទ្ធិអំណាចទាំងអស់របស់ខ្ញុំ​ស្របតាមរដ្ឋ​ធម្មនុញ្ញ​»។

លោកបាននិយាយបន្ថែមថា ​« ពិតជាមានការលំបាកណាស់ក្នុងការផ្លាស់ប្តូរគ្រោង​កិច្ចការ​ធំៗរបស់រដ្ឋ ប៉ុន្តែវាជាមធ្យោបាយមួយ(យើង) ត្រូវតែធ្វើ​»។

លោកបានធានាដល់ប្រជាជននូវការជំរុញដ៏មិនចេះរីងស្ងួតមួយ ដើម្បីលើកកម្ពស់ភាព​យុត្តិធម៌នៅក្នុងប្រទេស ដោយហៅវាថា ជាកម្លាំងជំរុញនៅពីក្រោយការច្នៃប្រឌិត និងការរីក​ចម្រើន។

លោកបានមានប្រសាសន៍ថា « យើងនៅមានផ្លូវវែងឆ្ងាយទៀតសម្រាប់ »ការកែទម្រង់​សង្គមប្រកបដោយយុត្តិធម៌« ដើម្បីបំពេញតាមស្តង់ដាររបស់ប្រជាជន ប៉ុន្តែរដ្ឋាភិបាលនឹង​ទទួល​បានការចំណាយទាំងអស់។ « (រដ្ឋាភិបាល)នឹងធ្វើឱ្យមានភាពយុត្តិធម៌ចាក់ឫសនៅក្នុង​សង្គមរបស់យើង» តាមរយៈការដោះស្រាយភាពលំអៀងនៅក្នុងគ្រប់មជ្ឈដ្ឋាន​រួមមាន​៖ ការ​អប់រំ​ ការងារពន្ធដារ សេវាកម្មយោធា នឹងកន្លែងធ្វើ    ការ។

ចំពោះបញ្ហានៅឧបទ្វីបកូរ៉េលោក មូន បានសន្យាថា នឹងខិតខំបើកទូលាយការធ្វើ​សមា​ហ​រណកម្ម​ក្នុងទំនាក់ទំនងអន្តរកូរ៉េ និងធានាឱ្យបាននូវសហគមន៍សន្តិភាពមួយ សម្រាប់វិបុល​ភាព​ឈ្នះឈ្នះ៕

( ប្រភព Yonhap ៖ ប្រែសម្រួលដោយ មាស សំអុល  )