រដ្ឋបាលខេត្តសៀមរាប ប្រកាសពីដំណើរការនិងលទ្ធផលបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២០

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 03,12,2020៖


រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល២០២០ កន្លងទៅនេះ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិមានការកើនឡើង ដោយសារមានការ រៀបចំ តុបតែង និងកែលម្អសោភ័ណភាពក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ក្នុងការអបអរសាទរឆ្នាំថ្មី ដែលប្រព្រឹត្តទៅនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៩ និងចូលឆ្នាំថ្មី ឆ្នាំ២០២០ រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្ត ក៏បានធ្វើបដិសណ្ឋារកិច្ចទទួលភ្ញៀវជាតិ-អន្តរជាតិប្រមាណជិត៣០ម៉ឺននាក់ គឺមានការកើនឡើងជាង៤% បើធៀបនឹងឆ្នាំមុន ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ និង សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
រដ្ឋបាលខេត្ត ក៏សូមថ្លែងនូវអំណរគុណ និង កោតសរសើរ ចំពោះក្រុមការងារដែលបានរៀបចំ តុបតែង សោភ័ណភាព ក្រុមការងារសន្តិសុខ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និងបងប្អូនម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្តទាំងអស់ក្នុងខេត្ត ដែលបានខិតខំបំពេញភារកិច្ចរៀងៗខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ បានប្រព្រឹត្តទៅដោយជោគជ័យ និងស្ថិតក្រោមបរិយាកាសសប្បាយរីករាយសាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ជាបុព្វបទបង្កឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់បរិស្ថានល្អប្រសើរ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ៕