ឥណ្ឌូនេស៊ីគ្រោងបំបែកដុំពពកដើម្បីបញ្ឈប់ភ្លៀងធ្លាក់បន្ថែមទៀតខណៈចំនួនអ្នកស្លាប់ដោយទឹកជំនន់ និងបំណាក់ដីនៅរដ្ឋធានីហ្សាកាតាកើនឡើងរហូតដល់ ៣០នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ទីភ្នាក់ងារបច្ចេកវិទ្យាឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះធុនតូចពីរគ្រឿងត្រូវបានគេរៀបចំដើម្បីបំបែកពពកភ្លៀងដែលមាននៅលើមេឃ លើដងទន្លេសាន់តា ខណៈដែលយន្តហោះធំជាងនេះក៏បានត្រៀមរួចរាល់ហើយដែរ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០។
ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថាពពកទាំងអស់ដែលរសាត់អណ្តែតឆ្ពោះទៅ ទីក្រុងហ្សាកាតាដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅទីនោះ នឹងត្រូវបាញ់បំបែកជាមួយនឹងសារធាតុសូដ្យូមក្លារ៉ាត ហើយសង្ឃឹមថាអាចបំបែកដុំពពកទាំងនោះបានមុនពេលវាអណ្តែត ទៅដល់តំបន់ហ្សាកាតា។យោងទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានបញ្ជាក់ថាចំនួនអ្នកស្លាប់ដោយទឹកជំនន់ និងបំណាក់ដីនៅរដ្ឋធានីហ្សាកាតានៅពេលនេះបានកើនឡើងរហូតដល់ ៣០នាក់ហើយ។
សូមបញ្ជាក់ថា រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី និងតំបន់ជុំវិញនោះ បានទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃអង្គារ សប្តាហ៍នេះបង្កឲ្យមានគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនិងបំណាក់ដី។ប្រជាជនឥណ្ឌូណេស៊ីរាប់ម៉ឺននាក់ បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយលំនៅឋានរាប់ពាន់ខ្នងបានរងការខូចខាត៕
ប្រភព៖ សារព័ត៌មាន Channel News Asia